ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០១៩

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៦រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាលើកទី១៣ ឆ្នាំ២០១៩។ សន្និសីទនេះនឹងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ អ្នកជំនាញការក្នុងស្រុក និងក្នុងតំបន់ អ្នកសិក្សាស្រាវជ្រាវ មន្ត្រីរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍អន្តរជាតិ វិស័យឯកជន និងសង្គមស៊ីវិលប្រមាណ ៣៥០នាក់។

សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាប្រចាំឆ្នាំលើកទី១៣ ធ្វើឡើងក្រោមប្រធានបទស្តីពី «ការប្រែក្លាយផ្នែកឌីជីថលឆ្ពោះទៅកាន់ឧស្សាហកម្ម ៤.០» ដែលជាកិច្ចសហការជាដៃគូរវាងវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) និង ក្រុមហ៊ុន ជីហ្គៀ (G Gear)។ សន្និសីទចក្ខុវិស័យប្រទេសកម្ពុជា នឹងធ្វើឡើងនៅសណ្ឋាគារ ហ្គ្រេតឌ្យូកភ្នំពេញ (អតីតសណ្ឋាគារ អាំងទែកុងទីណង់តាល់) ។

យោងតាមសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា សន្និសីទចក្ខុវិស័យឆ្នាំនេះ មានប្រធានបទជាប់ទាក់ទងទៅនឹងស្ថានការណ៍បច្ចុប្បន្ន។ ស្របគ្នានឹងការរីកចម្រើននៃឧស្សាហកម្ម៤.០ ការប្រែក្លាយផ្នែកឌីជីថលអាចជាក្បាលម៉ាស៊ីនជំរុញកំណើនថ្មីមួយដែលកម្ពុជាត្រូវការ ដើម្បីសម្រេចចក្ខុវិស័យរយៈពេលវែងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សន្និសីទនេះមានប្រធានបទតូចៗជាច្រើន សំដៅបំផុសឲ្យមានការផ្លាស់ប្តូរមតិត្រង់ទៅត្រង់មកពីវិធីចាប់យកឱកាសល្អៗនៃការប្រែក្លាយផ្នែកឌីជីថល ដើម្បីជួយគាំទ្រដល់កំណើនរយៈពេលវែង និងមាគ៌ាអភិវឌ្ឍន៍ និងការផ្តល់គំនិតពីការកសាងគ្រឹះដ៏រឹងមាំមួយសម្រាប់យុទ្ធសាស្ត្រផ្នែកឌីជីថលនៅកម្ពុជា។

វគ្គពិភាក្សាទាំង៤ អាចជួយដោះស្រាយសំណួរដូចតទៅ៖ ស្ថានភាពបច្ចុប្បន្ននៃការប្រែក្លាយផ្នែកឌីជីថល។ តើយើងកំពុងស្ថិតនៅចំណុចណា? តើយើងគួរធ្វើយ៉ាងណាដើម្បីជំរុញការប្រែក្លាយនេះ? តើត្រូវមានយុទ្ធសាស្ត្រសំខាន់ៗអ្វីខ្លះ? តើយើងគួរធ្វើយ៉ាងណាដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកឌីជីថល និងបណ្តុះអ្នកមានជំនាញបច្ចេកទេសខ្ពស់ៗ សម្រាប់ជួយជំរុញការប្រែក្លាយផ្នែកឌីជីថល?

អង្គសន្និសីទក៏មានពិភាក្សាផងដែរពីការរអាក់រអួល និងការបាត់បង់ ឬបង្កើតការងារ ដោយសារប្រព័ន្ធឌីជីថល។ ដើម្បីបង្ហាញពីករណីដាក់អនុវត្តបច្ចេកវិទ្យាឌីជីថល និងនវានុវត្តន៍ជាក់ស្តែងមួយ វិទ្យាស្ថាន CDRI បានរួមសហការជាមួយកម្មវិធីអភិវឌ្ឍន៍ នៃអង្គការសហប្រជាជាតិ (UNDP) នៅកម្ពុជា នាំយកបញ្ញាសិប្បនិម្មិត រ៉ូបូ Sophia មកចូលរួមក្នុងសន្និសីទនេះផងដែរ។

យុទ្ធសាស្ត្រចតុកោណតាមដំណាក់កាលជាបន្តបន្ទាប់ បានផ្តោតកាន់តែខ្លាំងទៅលើភាពជឿនលឿនផ្នែកបច្ចេកវិទ្យា នវានុវត្តន៍ និងគុណភាពនៃការអប់រំ។ ក្នុងនេះ កម្ពុជាត្រូវប្រឹងប្រែងច្រើនថែមទៀតដើម្បីបង្កើតបាននូវ បរិស្ថានមួយដែលអំណោយផលដល់ការរីកចម្រើនផ្នែកឌីជីថល។ ហេតុនេះហើយ ត្រូវមានការធ្វើវិនិយោគកាន់តែច្រើនទៅលើបច្ចេកវិទ្យា និងនវានុវត្តន៍ធនធានមនុស្សប្រកបដោយសមត្ថភាព និងគុណភាព ព្រមទាំង វិធានច្បាប់ និងស្តង់ដាកាន់តែរឹងមាំ។

សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០១៩ មានគោលដៅផ្តល់ជាវិភាគទានដល់ការរចនាតាក់តែង និងអនុវត្តគោលនយោបាយ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា។ ដំណើរការនៃសន្និសីទ និងការផ្តល់មតិផ្នែកគោលនយោបាយផ្សេងៗទៀត។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងថា ចរន្ដនៃការរីកចម្រើនវិទ្យាសាស្ដ្រ និងបច្ចេកវិទ្យាដែលហៅថាបដិវត្ដន៍ឧស្សាហកម្មទី៤ បានក្លាយទៅជាកត្ដាគន្លឹះមួយកំណត់នូវនិន្នាការវិវត្ដនៃសង្គម-សេដ្ឋកិច្ច ក្នុងគ្រប់ទិដ្ឋភាព ជាមួយនឹងការបង្កើតឡើងទាំងកាលានុវត្ដភាព ទាំងបញ្ហាប្រឈមសម្រាប់សកលលោកទាំងមូល។

សម្តេចតេជោបន្តថា បដិវត្ដន៍ឧស្សាហកម្មទី៤ កំពុងបង្ហាញពីការរីកចម្រើននៃបច្ចេកវិទ្យានៅក្នុងពិភពលោក ដែលជះឥទ្ធិពលយ៉ាងខ្លាំងលើការកំណត់ឡើងវិញនូវកត្ដាផលិតកម្ម ទំនាក់ទំនងផលិតកម្ម ឥរិយាបថការប្រើប្រាស់ និងរចនាសម្ព័ន្ធសេដ្ឋកិច្ច ដូចជា ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI), ការប្រើប្រាស់មនុស្សយន្ដ (Robot), ការបោះពុម្ភ 3D, ការប្រើប្រាស់បច្ចេកទេសវិទ្យាជីវវិទ្យា (Biotech) -ល-។ ដែលបច្ចេកវិទ្យាទាំងនេះ បានធ្វើឲ្យមានការផ្លាស់ប្ដូរយ៉ាងលឿននូវក្នុងល្បឿនមួយ ដែលមិនធ្លាប់មានពីមុខមកក្នុងវិស័យផលិតកម្ម, អប់រំ, សុខាភិបាល, ទីផ្សារការងារ, ពាណិជ្ជកម្ម, ធុរកិច្ច, រដ្ឋបាលសាធារណៈ និងបច្ចេកវិទ្យា-ល-។

សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានគូសបញ្ជាក់ដែរថា បច្ចុប្បន្ននេះ ឌីជីថលរូបនីយកម្មបានក្លាយទៅជាកាតាលីករកំណើនថ្មីមួយ តាមរយៈការបង្កើនផលិតភាព និងប្រសិទ្ធិភាពការងារ និងអនុញ្ញាតឲ្យសហគ្រាសធុនតូច និងមធ្យម មានលទ្ធភាពផ្សាភ្ជាប់ទៅនឹងច្រវ៉ាក់ផលិតកម្មតំបន់ និងពិភពលោក និងស្វែងរកនវានុវត្ដន៍ភាពនៅក្នុងទំនិញ ឬសេវាកម្មថ្មីៗ និងអនុញ្ញាតឲ្យប្រទេសដែលអភិវឌ្ឍន៍តិចតូច ឬ មានសេដ្ឋកិច្ចកំពុងអភិវឌ្ឍអាចចាប់យកបច្ចេកវិទ្យាថ្មីៗ ដើម្បីមានឱកាសអាចហក់ឡើង (Leapfrog) រំលងឧស្សាហកម្មបែបប្រពៃណី ចូលក្នុងឧស្សាហកម្មបែបទំនើប។

បើទោះបីមានក្ដីរំពឹងថា បដិវត្តន៍ឧស្សាហកម្ម ៤.០ នឹងនាំមកនូវការអភិវឌ្ឍជាវិជ្ជមាន សម្រាប់ប្រជាជាតិទាំងមូលក៏ដោយ តែសម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា បដិវត្តន៍នេះក៏នាំមកនូវភាពកង្វល់ច្រើន និងបញ្ហាប្រឈមមួយចំនួន ដូចជាការបាត់បង់ការងារ, ការទាមទារឲ្យមនុស្សមានកម្រិតអប់រំ និងជំនាញខ្ពស់, ការទទួលបាននូវផលប្រយោជន៍កាន់តែមិនស្មើគ្នា ដោយសារភាពមិនស្មើគ្នានៃឱកាសទទួលបាននូវចំណេះដឹង និងបច្ចេកវិទ្យា, ឧក្រិដ្ឋកម្ម ឬបទល្មើសពាក់ព័ន្ធនឹងបច្ចេកវិទ្យាព័ត៌មាន ដែលអាចប៉ះពាល់ដល់សន្ដិសុខជាតិ និងសន្ដិសុខតំបន់ទាំងមូល, កង្វះខាតនូវក្របខណ្ឌគតិយុត្តិ និងបទប្បញ្ញាត្តិសម្រាប់ការគ្រប់គ្រងលើសុវត្ថិភាពទិន្នន័យ (Data Security) និងសិទ្ធឯកជននៃទិន្នន័យ (Data Privacy), និងសន្ដិសុខតាមប្រព័ន្ធអ៊ីនធើណេត (Cyber Security)៕