សម្ដេច​តេ​ជោ ហ៊ុន សែន ផ្តល់​អំណោយ​មនុស្សធម៌​ដល់​អ្នករងគ្រោះ​ខូចខាត​ផ្ទះសម្បែង និង​ទ្រព្យសម្បត្តិ ដោយសារ​ភ្លៀង​លាយឡំ​ខ្យល់​កន្ដ្រាក់​

(​ព្រះវិហារ​)៖ នៅ​រសៀល​ថ្ងៃ​ចន្ទ ៥​រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​និង​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៩ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ ក្នុង​ឃុំ​រំដោះ ស្រុក​រៀង រងគ្រោះ​ខូចខាត​ផ្ទះសម្បែង និង​ទ្រព្យសម្បត្តិ​ជាច្រើន ដោយសារ​ភ្លៀង​លាយឡំ​ខ្យល់​កន្ដ្រាក់ កាលពី​សប្ដាហ៍​កន្លងទៅ​ទទួលបាន​អំណោយ​មនុស្សធម៌ របស់​ប្រមុខ​រាជរដ្ឋាភិបាល​សម្ដេច​តេ​ជោ ហ៊ុន សែន តាមរយៈ​ឯកឧត្តម សួស យ៉ា​រ៉ា អ្នកតំណាងរាស្ដ្រ​មណ្ឌល​ព្រះវិហារ និង​អំណោយ​មនុស្សធម៌​របស់​កាកបាទ ក្រហម​កម្ពុជា​។

​គួ​រំលឹកថា ស្ថិតក្នុង​ពិធី​នេះ​មាន​វត្តមាន ឯកឧត្តម សេង សារី តំណាង​ឯកឧត្តម សួស យ៉ា​រ៉ា អ្នកតំណាងរាស្ដ្រ​មណ្ឌល​ព្រះវិហារ លោក ពឹង ទ្រី​ដា អនុប្រធាន គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត អាជ្ញាធរ​ស្រុក ឃុំ ភូមិ ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះជួយ​ស្រុក​រួម​និង​មន្ដ្រី​អនុសាខា​កាកបាទក្រហម​ស្រុក​ជាច្រើន រូប​ទៀត​។​

​សូម​បញ្ចា​ក់ថា ប្រជាពលរដ្ឋ​រងគ្រោះ​ដែល​មក​ទទួល​អំណោយ​មនុស្សធម៌​នាពេលនេះ មាន​ចំនួន ៤៤​គ្រួសារ​។ ក្នុងនោះ ៥ គ្រួសារ ត្រូវ​ដួល​រំលំ​ផ្ទះ​ទាំងស្រុង ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ​៧៥​គីឡូក្រាម តង់​១ ធុង​ទឹក​១ មី​៤​កេស ត្រីខ​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ មុង​១ សាប៊ូ​១​កញ្ចប់ ប៊ីចេង​១​កញ្ចប់ និង​ថវិកា​៤៥​ម៉ឺន​រៀល​។

​ដោយឡែក​ចំនួន ៣៩​គ្រួសារ​ទៀត ទទួលបាន អង្ករ​៥០​គីឡូក្រាម ធុង​ទឹក​១ មី​៣​កេស ត្រីខ​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ និង​ថវិកា​២០​ម៉ឺន​រៀល​៕​