បុរសជនជាតិសាំងកាពួ ម្នាក់បានសារភាពថាខ្លួន ជាចារកម្មឱ្យរដ្ឋាភិបាលក្រុប៉េកាំង

(បរទេស)៖ បុរសជនជាតិសាំងកាពួរម្នាក់ គឺលោក ជុន វេយឺ (Jun Wei Yeo)​ បានសារ​ភាព​ថាខ្លួន​ជា​ចារ​កម្មរបស់ចិន ដែលបានផ្តល់ការប្រឹក្សា និងប្រមូលព័ត៌មាននៅលើទឹកដីអាមេរិក ឱ្យរដ្ឋាភិ​បា​ល​​​​ទីក្រុងប៉េកាំង។ លោក ត្រូវបានតុលាការចោទប្រកាន់ពីបទ លួច​ប្រមូ​ល​ព័ត៌​មាន ដោយ​​ខុសច្បាប់ និងថាជាភ្នាក់ងារដែលបរទេសបញ្ជូនមក។

នៅក្នុងសាវនាការ លោក ជុន វេយឺ ទទួលស្គាល់ថា លោកបានធ្វើការឱ្យរដ្ឋាភិបាលចិន អំឡុងពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៩ ក្នុងការស៊ើបការណ៍យកព័ត៌មានសម្ងាត់ ពាក់ព័ន្ធ​នឹង​យោ​ធា និងមន្ត្រីរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក។

កាលពីថ្ងៃសុក្រ ចិនបានបញ្ជារឱ្យបិទស្ថានកុងស៊ុលរបស់សហរដ្ឋអាមេរិក ប្រចាំនៅទី​ក្រុង​ចឹងទូ(Chengdu) ប្រទេសចិន។

ទង្វើបិទបេសកកម្មការទូត នៅទីក្រុងនាភាគនិរតីនេះ ក្នុងបំណងឆ្លើយតប​ទៅអា​មេរិក ដែលបានបិទស្ថានកុងស៊ុលចិន នៅក្នុងទីក្រុង ហូស្តុន (Houston) ក្នុងរដ្ឋតិច​សាស់​(Texas)។

រដ្ឋមន្ត្រីការពារជាតិ លោក មៃ ប៉ុមប៉េអូ (Mike Pompeo) កាលពីថ្ងៃពុធដើមសប្តាហ៍នេះ បាននិយាយថា ការសម្រេច​ចិត្ត បិទស្ថានទូតចិន បានកើតមានឡើងដោយសារចិន កំពុងលេងល្បែងលួចស៊ើបការណ៍ និងប្រមូលព័ត៌មានឯកជនរបស់ប្រជាជនអាមេរិក។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វេនបីន (Wang Wenbin) បានឆ្លើយតប​ដាក់សហរដ្ឋ​អាមេរិកវិញថា ទង្វើរបស់អាមេរិក គឺផ្អែកទៅលើព័ត៌មាន​មិនសមហេតុ​ផល​ជាច្រើន ដើម្បីប្រឆាំងចិន៕ (ដោយ៖ ឡេង ដេត)