តំបន់អេកូទេសចរណ៍ទឹកធ្លាក់ថ្មក្រាល ខេត្តកំពង់ឆ្នាំង កំពុងទាក់ទាញភ្ញៀវទេសចរណ៍ទៅលេងកំសាន្ត យ៉ាងច្រើនកុះករ

(កំពង់ឆ្នាំង)៖ តំបន់អេកូទេសចរណ៍ទឹកធ្លាក់ថ្មក្រាលមួយកន្លែងទៀត ក្នុងស្រុកទឹកផុស ដែលជាកន្លែងទឹកជ្រោះមុជលេងកំសាន្តដ៏ត្រជាក់ជាប់ចិត្តយ៉ាងសប្បាយរីករាយ ដែលមានទឹកហូរធ្លាក់ពីលើភ្នំ តំបន់កំសាន្តនេះ ស្ថិតនៅក្នុងភូមិកោះខ្ទម្ព ( ខ្ទុំ ) ឃុំជៀប ស្រុកទឹកផុសមកលំហែកាយបន្ធូរអារម្មណ៍ក្នុងការនឿយហត់បំពេញការងារមួយសប្តាហ៍ និងសម្រស់ធម្មជាតិពិតក្នុងរមណីយដ្ឋានថ្មក្រាល ដែលមានចម្ងាយប្រមាណ៦៣គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ឆ្នាំង ។
សព្វថ្ងៃនេះមានភ្ញៀវទេសចរណ៍ក្នុងស្រុកមកលេងកំសាន្តរៀងរាល់ថ្ងៃរាប់រយនាក់ និងមានសេវាកម្មលក់ចំណីអាហារតម្លៃសមរម្យ មានកញ្ចុះអង្គុយលេង តាមមាត់ជ្រោះជាង៧០កន្លែង មានបង្គន់អនាម័យត្រឹមត្រូវ និងក៏មានប្រជាការពាររក្សាសន្តិសុ ខសុវត្ថិភាពនិងសណ្តាប់ធ្នាប់បានយ៉ាងល្អផងដែរ ។
លោក ហែល អឿន ប្រធានសហគមន៍អេកូទេសចរណ៍ទឹកធ្លាក់ថ្មក្រាាល បានឲ្យដឹង នៅព្រឹកថ្ងៃទី២៥ ខែក្កដា២០២០នេះថា សហគមន៍ទេសចរណ៍ទឹកធ្លាក់ថ្មក្រាល បានកើតឡើងនៅក្នុងឆ្នាំ២០០៦ ដែលមានសមាជិកសហគមន៍ចំនួន៧០គ្រួសារ ដោយឡែកចាប់ពីឆ្នាំ២០១៥មក ក៏មានភ្ញៀវទេសចរណ៍មកលេងជាបន្តបន្ទាប់រហូតដល់សព្វថ្ងៃនេះ ។
តំបន់ទឹកធ្លាក់ថ្មក្រាលនេះ មានទឹកជ្រោះហូរធ្លាក់ពីលលភ្នំជាច្រើនកន្លែងជាប់ៗគ្នាសំរាប់លេងកំសាន្ត មានបណ្តោយជាង២គីឡូម៉ែត្រ ដែលអាចទទួលភ្ញៀវទេសចរណ៍មកលេងកំសាន្តបានរាប់ពាន់នាក់ផងដែរ។

ប្រធានសហគមន៍ ក៏បានអោយដឹងទៀតថា៖ រាល់ថ្ងៃនេះបើថ្ងៃធម្មតាពីចន្ទ័ដល់សុក្រ ក្នុង១ថ្ងៃៗមានភ្ញៀវមកលេងកំសាន្តប្រមាណពី៥០នាក់ទៅ៨០នាក់ ចំពោះថ្ងៃសៅរ៍ អាទិត្យវិញ គឺក្នុង១ថ្ងៃៗមានភ្ញៀវមកលេង ពី២០០នាក់ ទៅ៣០០នាក់ ផងដែរ ។
លោក អឺត អូន ប្រធានគ្រប់គ្រង់តំបន់ទេសរណ៍ទឹកធ្លាក់ថ្មក្រាល បានអោយដឹងដែរថា៖ នៅក្នុងតំបន់មុជទឹកលេងកំសាន្តក្នុងពេលនេះ សហគមន៍បានកសាងកញ្ចុះសំរាប់ភ្ញៀវអង្គុយលេងតាមមាត់ជ្រោះ បានចំនួន៧៤កញ្ចុះ មានបន្គន់អនាម័យបាន១៤បន្ទប់ និងមានរោងលក់ដូរចំណីអាហារជា២០កន្លែងផងដែរ សំរាប់បំរើសេចក្តីត្រូវការរបស់ភ្ញៀវទេសចរណ៍ដែលបានចូលមកលេងកំសាន្តនៅក្នុងតំបន់នេះផងដែរ ។

ដោយឡែកចំពោះម្ហូបអាហារគឺមាន់ស្រែ១ក្បាលមានតម្លៃពី៣៥០០០រៀល ទៅ៥ម៉ឺនរៀល តាមតូចតាមធំ ដែលមាន់១ក្បាលក្នុងតម្លៃនេះគឺអាចកុំម៉ង់អោយអ្នកលក់ ធ្វើម្ហូបបាន២ឬ៣មុខបានតាមចំណូលចិត្តផងដែរ ។
ក្រៅពីនោះក៏មានត្រីអាំង១ក្បាលពី៥ពា ន់ទៅ៨ពាន់រៀល កង្កែបបោក១ចង្កាក់ ៥ពាន់រៀល និងក៏មានភេសជ្ជៈ នំចំណីមួយចំនួនទៀតក្នុងនោះក៍មានលក់បន្លែផ្កែឈើស្រស់ៗដែលកសិកដាំនៅក្នុងតំបន់នេះលក់ជូនភ្ញៀងទេសចរណ៍មកលេងកំសាន្តផងដែរ ។

ចំពោះកញ្ចុះអង្គុយលេងវិញ មានតម្លៃពី១៥០០០រៀល ទៅ៣ម៉ឺនរៀល តាមទំហំតូចឬធំ បន្ទប់ទឹក១នាក់ ៥០០រៀល , តម្លៃភាស៊ីរថយន្តតូច១គ្រឿង ៥០០០រៀល រថយន្តធំ១ម៉ឺនរៀល និងម៉ូតូ ២០០០រៀល ។
ដោយឡែក លោក យ៉ែម សៅ ប្រធានក្រុមប្រជាការពារ សន្តិសុខសណ្តាប់ធ្នាប់ ក៍បានអោយដឹងផងដែរថា៖ នៅក្នុងតំបន់ទេសចរណ៍មួយនេះ កន្លងមកពុំដែលកើតមានរឿងបទល្មើសអ្វីនោះឡើយ ក៏ក្រុមប្រជាការពារដែលមានគ្នាចំនួន១៨នាក់ បានដើរចល័តរក្សាការពារសន្តិសុខជាប្រចាំពេលមានភ្ញៀវទេសចរណ៍មកលេងកំសាន្ត ។

សហគមន៍ទឹកធ្លាក់ថ្មក្រាល ក៏សូមអំពាវនាវផងដែរដល់ភ្ញៀវទេសចរណ៍ ដែលមកលេងកំសាន្តសូមចូលរួមរក្សាអនាម័យសូមបោះសំរាមក្នុងធុង ពេលមុជកំសាន្តក្នុងទឹកជ្រោះ សូមប្រុងប្រយត្ន័ចំពោះកូនចៅតូចៗ និងសូមចូលរួមពាក់ម៉ាសទាំងអស់គ្នា ដើម្បីការពារជម្ងឺកូវីដ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលរបស់យើងផងដែរ ៕ ដោយ៖ សុក្ខារិន (Micheal)