ក្រសួងធនធានទឹក៖ ពីថ្ងៃនេះដល់ថ្ងៃទី២៩ ខែមីនា កម្រិតទឹកភ្លៀងកក់ខែនឹងធ្លាក់ចុះ កំដៅអាចកើនឡើងដល់៣៧អង្សាសេ !

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីបញ្ហាអាកាសធាតុនៅកម្ពុជា ដោយបញ្ជាក់ថា នៅថ្ងៃទី២៦ ដល់ ២៩ ខែមីនា ឥទ្ធិពលនៃការប្រសព្វគ្នារវាងសម្ពាធទាប (ទិលខាងលិច និងពាយ័ព្យ) និងសម្ពាធខ្ពស់នៃតំបន់ខ្ពង់រាបចុះខ្សោយ ធ្វើឲ្យកម្រិតទឹកភ្លៀងកក់ខែ ក៏ធ្លាក់ចុះផងដែរ។ ទន្ទឹមនេះ កំដៅនឹងកើតឡើងវិញ ដែលកម្រិតសីតុណ្ហភាពអតិបរមា មានពី៣៤-៣៧ អង្សាសេ។

ដោយឡែក ចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ ថ្ងៃទី០២ ខែមេសា ឥទ្ធិពលនៃការប្រសព្វគ្នារវាងសម្ពាធទាប និងសម្ពាធខ្ពស់ បន្តកើតឡើងវិញ សារជាថ្មីម្តងទៀត ដែលបណ្តាលឲ្យមានភ្លៀងកើតឡើងវិញ ជាបន្តបន្ទាប់ដែលនាំមកជាមួយនូវ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ផងដែរ។ ឯសីតុណ្ហភាពជាទូទៅមានពី ៣០ ដល់ ៣៣អង្សាសេ៕