ទង់ជាតិអាមេរិកត្រូវបានទម្លាក់ចុះខណៈរដ្ឋាភិបាលក្រុងប៉េកាំងថាមិនចង់ឃើញស្ថានភាពនេះ

(ប៉េកាំង)៖ ទង់ជាតិសហរដ្ឋអាមេរិក ត្រូវបានទម្លាក់ចុះ នៅក្នុងទីក្រុងចឹងទូ (Chengdu) ប្រទេសចិន នៅថ្ងៃច័ន្ទនេះ ខណៈដែលទំនាក់ទំនងការទូតរវាងរដ្ឋាភិបាលទីក្រុងប៉េកាំង និងរដ្ឋាភិបាលទី​ក្រុងវ៉ាស៊ិន​តោសហរដ្ឋអាមេរិក កាន់តែអាក្រក់ខ្លាំង។ មនុស្សរាប់រយនាក់ បានប្រមូលផ្តុំគ្នាប្រមាណ ១ សប្តាហ៍ នៅខាងក្រៅអាគារ ស្ថានកុងស៊ុលអាមេរិក នៅទីក្រុងចឹងទូ ប្រទេសចិន ដោយអ្នកខ្លះថតរូប សែលហ្វី (selfies)​ និងគ្រវីទង់ជាតិចិន។

កាលពីសប្តាហ៍មុន រដ្ឋាភិបាលអាមេរិក បានបញ្ជាឱ្យបិទស្ថានកុងស៊ុលរបស់ចិន នៅក្នុងទីក្រុង ហូស្តុន(Houston) រដ្ឋតិចសាស់ (Texsas) ដោយអះអាងថា មូលដ្ឋាននេះ មានជាប់ពាក់ព័ន្ធ​នឹងចារកម្ម​របស់​ចិន ដោយយកឈ្មោះការទូត ធ្វើចារកម្មនៅលើទឹកដីអាមេរិក។

រដ្ឋាភិបាលចិន ក៏បានផ្តល់ពេល ឱ្យអាមេរិក ៧២ម៉ោង ក្នុងការបិទស្ថានកុងស៊ុល បេសកម្មការទូត នៅទីក្រុងចឹងទូ ដូចគ្នា ដែលអាមេរិកផ្តល់ឱ្យចិនបិទស្ថានកុងស៊ុលនៅហូស្តុនដែរ ។ ក្រសួងការបរទេសចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការថា ស្ថានភាពបច្ចុប្បនរវាងចិន និងអាមេរិក គឺជាអ្វីដែលចិនមិនចង់ធ្វើ និងមិនចង់ឃើញ ហើយវាជាការទទួលខុសត្រូវទាំងស្រុងរបស់សហរដ្ឋអាមេរិក៕ (ដោយ៖ ឡេង ដេត)