UNDP បង្ហាញ​ស្ត្រី​មនុស្ស​យន្ត “​កញ្ញា Robot Sophea” ក្នុង​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា ឆ្នាំ​២០១៩

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៦ ខែមីនា ឆ្នាំ​២០១៩ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​បើក​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា លើក​ទី​១៣ ឆ្នាំ​២០១៩ ដែល​បាន​ធ្វើឡើង នៅ​សណ្ឋាគារ The Great Duke ( Inter Con) ក្នុង​រាជធានី​ភ្នំពេញ​។ ក្នុង​សន្និសីទ​នេះ កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ UNDP បានបង្ហាញ​មនុស្ស កញ្ញា Robot Sophea ដើម្បី​បង្ហាញ​ពី​ការអភិវឌ្ឍន៍​បច្ចេកវិទ្យា ឌីជីថល​។​

​សន្និសីទ​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ អ្នកជំនាញការ ក្នុងស្រុក និង​ក្នុង​តំបន់ អ្នកសិក្សា​ស្រាវជ្រាវ មន្ត្រី​រាជរដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ វិស័យ​ឯកជន និង​សង្គម​ស៊ីវិល ជាច្រើន​ទៀត​។​

​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា ប្រចាំឆ្នាំ លើក​ទី​១៣ នា​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៩ បានធ្វើ​ឡើង ក្រោម​ប្រធានបទ ស្តីពី «​ការ​ប្រែក្លាយ​ផ្នែក​ឌីជីថល ឆ្ពោះទៅកាន់​ឧស្សាហកម្ម ៤.០» ដែលជា​កិច្ចសហការ​ជា​ដៃគូ​រវាង​វិទ្យាស្ថាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (CDRI) និង ក្រុមហ៊ុន ជី​ហ្គៀ (G Gear)​។ សន្និសីទ​នេះ មាន​ប្រធានបទ​តូចៗ ជាច្រើន សំដៅ​បំផុស​ឲ្យ​មានការ​ផ្លាស់ប្តូ​រមតិ​ត្រង់​ទៅ​ត្រង់​មក ពី​វិធី​ចាប់យក​ឱកាសល្អៗ​នៃ​ការ​ប្រែក្លាយ​ផ្នែក​ឌីជីថល ដើម្បី​ជួយ​គាំទ្រ​ដល់​កំណើន​រយៈពេល​វែង និង​មាគ៌ា​អភិវឌ្ឍន៍ និង​ការផ្តល់​គំនិត​ពី​ការកសាង​គ្រឹះ​ដ៏​រឹងមាំ​មួយ សម្រាប់​យុទ្ធសាស្ត្រ​ផ្នែក​ឌីជីថល នៅ​កម្ពុជា​៕​