ហ៊ានណាស់! ប្តីគេមិននៅ លបចូលប៉ុនប៉ងរំលោភ តែនាងរើបំរាស់ទាន់ពេល

(ពោធិ៍សាត់)៖ កាលពីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិថ្គោលតូច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បុរសម្នាក់ផឹកស្រាស្រវឹងជោគជាំម្នាក់ មានអារម្មណ៍ផ្លូវភេទខ្លាំង បានសម្រុកចូលផ្ទះស្ត្រីម្នាក់ ដែលកំពុងដេកលង់លក់ជាមួយកូនប្រុសរបស់ខ្លួន ខណៈប្ដីនាងមិននៅផ្ទះ ដោយប៉ុនប៉ងចូលទៅចាប់នាង តែត្រូវនាងប្រកែកនិងរើបម្រាស់ពីកណ្ដាប់ដៃប្រុសព្រានស្រេកឃ្លានប្រពន្ធគេ ក្រោយមកក៏ប្តឹងសមត្ថកិច្ច ឲ្យឃាត់ខ្លួនបុរសសង្ស័យរូបនោះលើករណីប្រទូសកេរ្តិ៍ខ្មាស។

ជនរងគ្រោះ មានឈ្មោះ ឃន តាវ (ហៅ អ៉ឺត) ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំ កើតហេតុខាងលើ, មានប្ដីឈ្មោះ សុខ ពន្លក អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានកូន១នាក់ប្រុស។

រីឯជនសង្ស័យឈ្មោះ សឿន សឿម ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំជាមួយគ្នា, មានប្រពន្ធឈ្មោះ ម៉ើ អិត អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានកូនចំនួន៣នាក់ ស្រី២នាក់។

បើយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ឃន តាវ (ហៅ អ៉ឺត) បានបញ្ជាក់ថាមុនពេលកើតហេតុ ខ្លួនបានដេក នៅក្នុងផ្ទះជាមួយកូនប្រុស ហើយប្ដីរបស់ខ្លួន បានទៅធ្វើការនៅឯភ្នំពេញ។

ដោយសារតែដឹងថាប្ដីខ្លួនមិននៅជនសង្ស័យ ឈ្មោះ សឿន សឿម បានឡើងទៅលើផ្ទះរបស់ខ្លួន ដែលកំពុងដេកជាមួយកូន និងបញ្ចាំងភ្លើងកែវដាក់មុខ ពេលខ្លួនកំពុងដេកលក់។ ភ្លាមនោះ ខ្លួនក៏ភ្ញាក់ឡើង ស្រាប់តែឃើញឈ្មោះ សឿន សឿម ខ្លួនក៏បានសួរថា ទៅណាទាំងយប់ ហើយឈ្មោះ សឿន សឿម បានប្រាប់ថា សុំដេកជាមួយខ្លួន១យប់មក។

បន្ទាប់មកទៀតឈ្មោះ សឿន សឿម បានអោបរឹតខ្លួនប្រាណចង់គីគីលូ។ ពេលនោះខ្លួនបានរើបំរ៉ះ រួចក៏ចុះមកដី ហើយឈ្មោះ សឿន សឿម ក៏មិនហ៊ានធ្វើអីខ្លួនដែរ និងបានចុះដើរ ទៅផ្ទះបាត់ទៅ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរ តាមបញ្ជារបស់លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធី៕ ដោយ៖ Micheal