ទូរស័ព្ទ iPhone បន្ទាប់របស់អ្នកអាចនឹងផលិតនៅប្រទេសឥណ្ឌា

បច្ចុប្បន្ន​នេះ ទំនាក់ទំនងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនឹងចិន កាន់​តែមានភាពតានតឹងខ្លាំង​ឡើងជារឪៀងរាល់ថ្ងៃ។ ក្រុមហ៊ុន Apple ដែល​ជា​ក្រុម​ហ៊ុន​មាន​ដើម​កំណើត​នៅ​សហរដ្ឋអាមេរិកគ្រោងនឹងកាន់កាប់ចំណែកកាន់តែធំនៅក្នុងទីផ្សារស្មាតហ្វូនរបស់ប្រទេសឥណ្ឌាវិញ​ម្តង។ ក្រុមហ៊ុននឹងចាប់ផ្តើមផលិត iPhone 11 នៅក្នុងប្រទេសឥណ្ឌាដោយសហការជាមួយក្រុមហ៊ុន Foxconn ។

iPhone 11 នឹង​ចាប់​ផ្ដើម​​ការ​ដំឡើងក្រុមហ៊ុន Foxconn ដែលមានរោងចក្រ​​​របស់​ខ្លួន​ ក្នុង​ទីក្រុង Chennai ប្រទេស​ឥណ្ឌា។ ក្រៅ​ពី​​ដំឡើង​​សម្រាប់​​លក់​នៅ​ប្រទេស​ឥណ្ឌា Apple ក៏​មាន​គម្រោង​បង្កើន​ចំនួន​ផលិត​ជា​ដំណាក់​កាល​ និង​ប្រហែល​ជា​ពិចារណា​លើ​ការ​នាំ​ចេញ iPhone 11 ដែល​ផលិត​នៅ​ប្រទេស​ឥណ្ឌា ដើម្បី​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ​រោងចក្រ​នៅ​ប្រទេស​ចិន​ផង​ដែរ។ ក្រៅពី​នេះ​ Apple ក៏​អាចសង្សំ ថ្លៃ ពន្ធ​បាន​ប្រមាណ​ជា ២២% លើ​ពន្ធ​នាំ​ចូល iPhone 11 ពី​ប្រទេស​ចិន ដែល​​ទំនង​ជា​អាច​ទម្លាក់​តម្លៃ iPhone 11 នៅ​ប្រទេស​ឥណ្ឌា​​ទៀត​ផង។

ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ឥណ្ឌា Economic Times នា​ពេល​កន្លង​មក​បាន​និយាយ​ថា Apple អាច​នឹង​គ្រោង​ផលិត​ស្មាតហ្វូន​​ក្នុង​ទំហំ​ទឹក​ប្រាក់ ៤០​ពាន់​លាន​ដុល្លារ​ នៅ​ប្រទេស​ឥណ្ឌា តាម​រយៈ​ដៃ​គូ​ផលិត​ Wistron និង Foxconn។ Foxconn ក៏​មាន​គម្រោង​បណ្ដាក់​ទុន ១​ពាន់​លាន​ដុល្លារ​នៅ​ប្រទេស​ឥណ្ឌា ដើម្បី​ពង្រីក​​រោង​ចក្រ​ដំឡើង​ iPhone នៅ​ប្រទេស​ឥណ្ឌា​ផង​ដែរ៕​​​​​

ដោយ៖ Vireak