ក្កុកក្ដួល! ព្រឹទ្ធាចារ្យ វិជ្ជាធម្មគរុ បណ្ឌិត ទេព ផុន ទទួលមរណភាព

ជារឿងមួយដ៏គួរឱ្យសោកសង្រេងនិងក្ដុកក្ដួលជាទីបំផុតសម្រាប់ប្រជាជនកម្ពុជា ព្រោះតែព្រឹទ្ធាចារ្យ វិជ្ជាធម្មគរុ បណ្ឌិត ទេព ផុន មរត៌កមនុស្សរស់ បានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ក្នុងជន្មាយុ ៨២ឆ្នាំ ដោយជរាពាធ។

យោងតាមនាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌បានឱ្យដឹងប្រកបដោយទុក្ខសោកក្រៀមក្រំថាព្រឹទ្ធាចារ្យ វិជ្ជាធម្មគរុ បណ្ឌិត ទេព ផុន មរត៌កមនុស្សរស់ បានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ៦កើត ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ក្នុងជន្មាយុ ៨២ឆ្នាំ ដោយជរាពាធ។ មរណភាពរបស់លោកតាព្រឹទ្ធាចារ្យ គឺជាការបាត់បង់នូវ បិតា បិតាក្មេក ជីតា ព្រមទាំងជាការបាត់បង់នូវមរត៌កមនុស្សរស់ ផ្នែកសិល្បៈខ្មែរដ៏ឆ្នើមមួយរូប ដែលបានចូលរួមក្នុងការផ្សព្វផ្សាយ និងលើកស្ទួយ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី តាមរយៈការប្រើប្រាស់ចំណេះដឹង ជំនាញ និងទេពកោលស្យ បម្រើឱ្យវិស័យសិល្បៈបុរាណខ្មែរ ស្ទើរពេញមួយជីវិតរបស់លោក។

គួរបញ្ជាក់ឱ្យដឹងថា ព្រឹទ្ធាចារ្យ​វិជ្ជា​ធម្ម​គរុ ទេព ផុន ជាសាស្រ្តាចារ្យ​ច្រើន​ជំនាន់ ព្រមទាំង​បាន​ចូល​បម្រើ​ការងារ​ក្នុង​សារមន្ទីរ​ជាតិ ក្នុងការ​ថែរក្សា​រូបសំណាក​ឈើ​អស់​ជាច្រើន​ឆ្នាំ​។ ព្រឹទ្ធាចារ្យ ទេព ផុន ក៏មានចំណេះដឹង​ចេះ​ចាំ​ស្ទាត់ ខាង​ព្រះពុទ្ធសាសនា រួមមាន​ព្រះធម៌ ព្រះ​វិន័យ ព្រះ​អភិធម្ម និង​ទស្សនវិជ្ជា​ពុទ្ធសាសនា ដោយ​អាច​បំភ្លឺ ពន្យល់ វែកញែក​ខ្លឹមសារ និង​សារសំខាន់​របស់​ព្រះពុទ្ធ​ឱវាទ​ឱ្យដល់​សប្បុរសជន​ទូទៅផងដែរ​។

ក្នុងឱកាសដ៏សោគសង្រេង ក្រៀមក្រំនេះ Sky Brothers Media  សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ ក៏ដូចជាញាតិមិត្តជិតឆ្ងាយទាំងអស់នៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ព្រឹទ្ធាចារ្យ ទេព ផុន សូមបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ៖ ភូមិន្ទ