សម្តេចតេជោ ហ៊ុន សែន ហាមមិនឲ្យលក់ដាច់ខាតនូវទីតាំងCDRI

(ភ្នំពេញ) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសយ៉ាងម៉ឹងម៉ាត់ថា មិនឲ្យមានការលក់ ទីតាំងវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI)ឡើយ។

ក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាលើកទី១៣ ឆ្នាំ២០១៩ នៅសណ្ឋាគារ The Great Duke (InterCon) រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ សម្តេចតេជោ បានលើកឡើងថា រយៈពេលប៉ុន្មានខែ មកនេះមានការរៀបចំស្នើសុំប្តូរទីតាំងCDRI បច្ចុប្បន្នជាមួយវិស័យឯកជន រួចហើយយកកន្លែងធ្វើជាទីតាំងថ្មី ឬមួយផ្នែកកសាងអាគាសម្រាប់CDRI និងមួយផ្នែកទៀតសម្រាប់វិស័យឯកជន។ ប៉ុន្តែសម្តេចថា ក្រោយឃើញ មានការស្នើសុំដោះដូរនោះ សម្តេចក៏ចារលើលិខិតនោះក្រវាត់ចោលតែម្តង។

សម្តេចបានបន្តថា «ខ្ញុំសូមបញ្ជាក់ថា ខ្ញុំសូមបដិសេធរួច ហើយ ក៏ប៉ុន្តែខ្ញុំសូមបញ្ជាក់ថា ដីនៅកន្លែងនេះ ដាច់ខាតមិនត្រូវប្រគល់ឲ្យអ្នកណាទេ ក្រៅពីទុកប្រើប្រាស់ទៅលើបញ្ហាស្រាវជ្រាវ» ។

សម្តេចក៏បានលើកឡើងថា ទីតាំងរបស់ CDRI នាពេលបច្ចុប្បន្ននេះ មានប្រវត្តិជាយូរមកហើយ ពោលបង្កើតឡើង កាលពីឆ្នាំ១៩៩០ ដែលមានគំនិតផ្តួចផ្តើមដោយសម្តេចផ្ទាល់ លោកស្រីអ៊ី វ៉ា និងលោកជា ចាន់តូ ។

នាយករដ្ឋមន្រ្តី បានហៅកន្លែង CDRI ជាធនាគារខួរក្បាល ដែលរហូតមកដល់ពេលនេះ មានអាយុ២៩ ឆ្នាំហើយ ដូច្នេះ បើទោះបីជាកន្លែងនេះត្រូវបាក់បែក ក៏សម្តេចសុខចិត្តប្រមូលធនធានមកបន្ថែមជាថ្មីដែរ។ សម្តេចតេជោ ចាត់ទុកកន្លែងនេះ គឺជាកូនបង្កើត ព្រោះជាកន្លែងប្រមូលផ្តុំដោយខួរក្បាល។

សម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា «អីញ្ចឹងសូមកុំឲ្យអ្នកណា មួយផ្តួចផ្តើមគំនិតទាក់ទិននឹងដីនេះឲ្យសោះ ។ ប្រសិនបើជាមន្ត្រីរាជរដ្ឋាភិបាល ខ្ញុំមិនអាចប្រាប់ នឹងណែនាំពួកគេ ទៀតទេ ។ យើងបានធ្វើអំពីកិច្ចការមួយចំនួនពីការ ដោះដូរអាគានេះ អាគានោះនៅពេលយើងគ្មានប្រាក់ ។ ឥឡូវកន្លែងដែលយើងដោះដូរនោះ ក្លាយជាក្រសួង ស្ថាប័នធំៗ រួចទៅហើយ»។

សូមបញ្ជាក់ថា CDRI មានប្រវត្តិជិត៣០ ឆ្នាំមកហើយ ស្ថិតនៅផ្ទះលេខ៥៦ ផ្លូវ៣១៥ ខណ្ឌទួលគោក ៕