បើកត្រាក់ទ័រកាត់ចំការស្វាយ ត្រូវជាន់មីនតោនរបួសដាច់ជើងម្ខាង យ៉ាងអាណោចអាធម៌

(បាត់ដំបង)៖ បុរសម្នាក់ បើកត្រាក់ទ័រចូលដីចំការស្វាយមួយកន្លែង បានជាន់មីនតោនរបួសដាច់ជើងម្ខាង កាលពីរសៀលថ្ងៃទី២៧ ខែកក្តដា ឆ្នាំ២០២០ វេលាម៉ោង១៤និង០៥នាទី ដែលស្ថិតនៅត្រង់ចំណុចភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

បើតាមសម្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា មុនពេលកើតហេយុ ជនរងគ្រោះ ដែលរស់នៅចំណុចភូមិឃុំកើតហេតុខាងលើ មានឈ្មោះ ប៉ាក់ រិទ្ធ ភេទប្រុស អាយុ ៣៥ឆ្នាំ បានបើកត្រាក់ទ័រឆ្លងកាត់ដីចំការស្វាយ ក៏ត្រូវបានជាន់មីនក្រឡាប់ដាច់ជើងឆ្វេងតែម្តង។

សមត្ថកិច្ចដដែល បានបញ្ជាក់ថា មូលហេតុនោះ មកពីជនរងគ្រោះបានបើកត្រាក់ទ័រកាត់ដីចំការស្វាយទៅភ្ជួរដូចសព្វមួយដង ទើបតែថ្ងៃនេះមានករណីបែបនេះតែម្តងទៅ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង នៅរសៀលថ្ងៃដដែលផងដែរ៕ ដោយ៖ ប៊ុនថេត