នៅតែត្រូវប៉ាន់! ហ្សូណូ គ្រងដំណែងតួឯកជាថ្មី

តារាចម្រៀងបែបយុវវ័យដ៏មានប្រជាប្រិយភាពប្រចាំផលិតកម្មរស្មីហង្សមាសលោក ហ្សូណូ ក្រៅពីជោគជ័យក្នុងវិស័យចម្រៀងហើយនោះ លោកក៏ហាក់ត្រូវប៉ាន់ខ្ពស់ក្នុងការសម្ដែងខ្សែភាពយន្ដដែលជានិច្ចកាលលោកតែងតែទទួលបានដំណែងជាតួអង្គឯកតែម្ដង។ ហើយថ្មីៗនេះលោកទើបតែទទួលបានដំណែងតួឯកសាជាថ្មីក្នុងខ្សែរឿងភាគដែលមានចំណងជើងថា “ខោល”

ក្នុងពិធីក្រុងពាលីសម្ពោធការថតខ្សែភាពយន្តភាគរឿង “ខោល” ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដឹកនាំដោយលោក ខាំ ភូរិ កាលពីថ្ងៃអាទិត្យទី ២៥ ខែកក្កដា កន្លងទៅនេះបានបើកបង្ហាញឱ្យឃើញតួអង្គធំៗសំខាន់ៗជាច្រើនរូប ក្នុងនោះមានដូចជាលោក ហ្សូណូ ជាតួអង្គឯក កញ្ញា មាន សូនីតា កញ្ញា កែវ សុបញ្ញា កញ្ញា សេង ស្រីនាង លោក ឈឹម សក្កដា និងលោក ប័ររី ជាដើម។

តាមការបញ្ជាក់របស់លោក ខាំ ភូរិ អ្នកដឹកនាំរឿងនេះបានឱ្យដឹងថា រឿង“ខោល”គឺជាប្រភេទរឿងភាគបុរាណ មានពីរសម័យកាលចូលគ្នា​ គឺសម័យសង្គមរាស្រ្តនិយម និងសម័យលង្វែក ភ្ជាប់សាច់រឿងដោយអតីតគូស្នេហ៍ចាំជាតិមួយគូ។ ចង់ដឹងថារឿង “ខោល” ដែលជាប្រភេទរឿងរំលេចនូវល្ខោន “ខោល” ដែលជាសម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ មានភាពទាក់ទាញយ៉ាងណានោះ មានតែរង់ចាំទស្សនាទាំងអស់គ្នា៕

(ដោយ៖ ភូមិន្ទ)