ដំណឹងបន្ថែម៖ បើកត្រាក់ទ័រភ្ជួរដីចម្ការ ប៉ះចំមីនតោនបណ្តាលឲ្យផ្ទុះស្លាប់

បើកត្រាក់ទ័រភ្ជួរដីចំការ ប៉ះចំមីនតោនបណ្តាលអោយផ្ទុះស្លាប់ !

(បាត់ដំបង)៖ យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានអោយដឹងថា យ៉ាងហោចណាស់បុរសម្នាក់បានរងរបួសធ្ងន់ (ដាច់ជើងឆ្វេង-និងស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ)ក្រោយពេលកំពុងបើកត្រាក់ទ័រភ្ជួរដីចំការប៉ះចំមីនតោនបណ្តាលអោយផ្ទុះឡើង។

ហេតុការណ៍ដ៏គួរអោយរន្ធត់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៤និង០៥នាទី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០​២០នៅចំណុចក្រុមទី០៤ ភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌ ខេត្តបាត់ដំបង ។

ជនរងគ្រោះ ឈ្មោះប៉ាត់ រិត ភេទប្រុស អាយុ៣៥ ឆ្នាំមានទីលំនៅបច្ចុប្បន្ននៅ ភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានបើកត្រាក់ទ័ររបស់ខ្លួនម៉ាកហ្វូត ពណ៌ខៀវ ស៊ីឈ្នួលភ្ជួរដីចំការឱ្យ​ឈ្មោះលុយ គឹមស៊ ភេទប្រុស អាយុ ៦៥ឆ្នាំ​ បច្ចុប្បន្នរស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​ បានមកស្នាក់នៅធ្វើចំការនៅចំណុចកើតហេតុខាងលើ។

ខណៈដែលកំពុងភ្ជួរក៏ស្រាប់តែប៉ះចំមីនតោនដែលសេសសល់តាំងពីសម័យសង្គ្រាមបង្ករអោយផ្ទុះឡើងបណ្តាលអោយអ្នកបើកបររងរបួសធ្ងន់ដាច់ជើងឆ្វេង និងខូចខាតត្រាក់ទ័រទាំងស្រុងផងដែរ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅសង្រ្គោះភ្លាមៗ​នៅមន្ទីរពេទ្យ​ ប៉ុន្តែដោយសារស្ថានភាពរបួសធ្ងន់ធ្ងរ​ ជនរងគ្រោះក៏បានស្លាប់បាត់បង់ជីវិតនៅមន្ទីពេទ្យ​តែម្តង។

ហើយបើតាមការបញ្ជាក់ពីមន្រ្តីនគរបាលមូលដ្ឋានបានឱ្យដឹងថា​ ចំណុចកើត​ហេតុខាងលើនេះគឺជាអតីតសមរភូមិប្រយុទ្ធ​ រវាងភាគីជម្លោះ​ពីអតីតកកាលហើយនៅទីនោះក៏​សម្បូរទៅដោយយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅរាយប៉ាយនិងកប់ក្នុងដី​ មិនទាន់មានការបោសសំអាតអស់នៅឡើយ។

មន្រ្តីដដែលបានបញ្ជាក់ថា​ នៅទីកន្លែងកើតហេតុនេះ​ មានការកាប់ឆ្ការនិងភ្ជួររាស់ដីដដាំដំណាំជា ច្រើនឆ្នាំមកហើយ​ ប៉ុន្តែពេលមុនៗមិនមាន​ករណីបែបនេះកើតឡើងទេ​ ទើប​តែ​ពេលនេះ​ក៏ជួបឧប្បត្តិហេតុបែបនេះតែម្តង។

ក្នុងនាមអាជ្ញាធរមូលដ្ឋានក៏ដូចជាស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង​ ក៏សូមធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន​ ពិសេសមូលដ្ឋានដែលជាអតីតសមរភូមិប្រយុទ្ធ សូមមេត្តាប្រុង​ប្រយ័ត្នជាប់ជាប្រចាំចំពោះបញ្ហាយុទ្ធភ័ណ្ឌ​មិនទាន់ផ្ទុះសេសសល់ពីសម័យសង្រ្គាមនេះ​ ព្រោះវាពិតជាបង្កគ្រោះថ្នាក់ដល់អាយុជីវិតយើង​យ៉ាងពិត​ប្រាកដ៕ដោយ សាលី (យុទ្ធ)