សមត្ថកិច្ចចុះបិទបៀហ្គាឌេន បង្កប់ខារ៉ាអូខេចំនួន៣កន្លែងក្នុងក្រុងសៀមរាប

(សៀមរាប)៖ កម្លាំងសមត្ថកិច្ចខេត្តសៀមរាប បានសហការគ្នា ចុះបិទទីតាំងបៀហ្គាឌេន បង្កប់ខារ៉ាអូខេចំនួន៣កន្លែងក្នុងក្រុងសៀមរាប។

ការបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង២៣យប់ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២០ ក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប បានឲ្យដឹងថា កម្លាំងនគរបាលប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយដង្គំ ចុះសហការជាមួយមន្ទីទេសចរណ៍ខេត្ត និងជំនាញពាក់ព័ន្ធចុះបិទហាងបៀរហ្គាឌិនដែលលួចបង្កប់ខារ៉ាអូខេ ៣ កន្លែងដែលស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។លោកបន្តថាហាងទី១- ម្លប់ជ្រៃត្រជាក់ចិត្ត (បង្កប់KTV),២- ម្លប់ដូងពិភពព្រិលថ្មី (បង្កប់KTV),៣- ស្នាដៃម៉ែក្មេក៥។

លោកបានបញ្ជាក់ថា ការចុះបិទទីតាំងខាងលើនេះគឺដោយសារមិនស្តាប់តាមការនែនាំ របស់រាជរដ្ឋាភិបាលដែលបានចេញអនុក្រឹតនាពេលកន្លងមក ។

ពាក់ព័ន្ធករណីនេះ មហាជនសាទរទៅចំណាត់ការរបស់សមត្ថកិច្ច។ តែគេក៏នៅឃើញមានក្លឹមកម្សាន្ត និងខារ៉ាអូខេមួយចំនួនក្នុងក្រុងសៀមរាប បានលួចបើកទាំងកម្រោល ដោយមិនគោរពច្បាប់ដោយម្ចាស់ហាងខ្លះអាងអំណាច៕ ដោយ បន្ទាយក្តី (យុទ្ធ)