លេច​ធ្លាយ​វីដេអូ​ចាប់​កាន់​ផ្ទាល់​នៃនាឡិកាឆ្លាត Samsung Galaxy Watch 3 មុន​ពេល​ប្រកាស​ចេញ​ជាផ្លូវ​ការ

នៅ​មិន​យូរ​ប៉ុន្មាន​ទៀត​ទេព្រឹត្តិការណ៍ Unpacked ផ្លូវ​ការ​របស់ Samsung នឹង​ត្រូវ​បាន​ចាប់​ផ្តើមឡើង។ ក្នុងព្រឹត្តិការណ៍ខាងលើ នឹងមានផលិតផលថ្មីចំនួន 5 ត្រូវដាក់បង្ហាញដែល​មានដូចជាទូរសព្ទ​ពីរគ្រឿង Galaxy Note 20 Series និងGalaxy Z Fold 2 នាឡិកាឆ្លាត Galaxy Watch 3 កាសឥតខ្សែម៉ូឌែលថ្មី Galaxy Buds Live និងចុងក្រោយនោះជា Galaxy Tab S7 Series។

មិន​ទាន់​ជិត​ដល់ថ្ងៃ​នោះ​ស្រួល​បួល​ផង​វីដេអូថ្មីមួយត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រយូធូបដោយគេហទំព័រ The Mobile Central។ ក្នុង​សាច់​វីដេអូប្រហែល​ជិត​៩នាទី​នោះបានបង្ហាញអំពីការ​បើក​ប្រអប់ និង​វិធី​ភ្ជាប់ទាំង​ដែល Samsung Galaxy Watch3 មិន​ទាន់​ទាំង​បាន​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​ក៏​ដោយ។ យោងតាមវីដេអូនោះ​ដដែល​ គេ​អាច​ទាយ​ដឹង​បាន​ថា​ក្រុមហ៊ុន​ដែល​នៅ​ប្រទេស​នោះ​បានលក់នាឡិកានេះមុនកាលបរិច្ឆេទចេញលក់។

នាឡិកា​ដែល​បាន​បង្ហាញ​នៅ​ក្នុង​វីដេអូ​នេះ​ជាប្រភេទពណ៌ទង់ដែង មាន​ទំហំមុខកាត់៤១មីលីមែត្រដែល​មាន​លេខម៉ូឌែល SM-R850។ នាឡិកាឆ្លាត Watch 3 នឹងភ្ជាប់មកជាមួយខ្សែស្បែក តែ​គេ​នៅ​មិន​ដឹង​ថាខ្សែរ​ស្បែក​នោះ​ជា​ស្បែក​ពិត ឬជាប្រភេទ​ស្បែក​ក្លែង​ក្លាយ​ឡើយ។

ដោយ៖ Vireak