តារារះថ្មី Ela la បង្ហាញប្រវត្តិ និង ស្នាមសាក់លើដងខ្លួន

ម្ចាស់បទ “រាស្រ្តសាមញ្ញ” កញ្ញា Ela la មាននាមដើមថា ឆោម សិលា គឺជាអ្នកចម្រៀងស្រីថ្មោងថ្មីមួយដួងដែលមានស្នាមសាក់ស្ទើរពេញដងខ្លួនតែម្ដង។ ឆ្លើយតបទៅនឹងមហាជនដែលមានចម្ងល់ជុំវិញប្រវត្តិក្នុងការចូលសិល្បៈក៏ដូចជាការសាក់រូបនេះ Ela la បានឱ្យដឹងថា៖

នាងគឺជាកូនទីពីរនៅក្នុងគ្រួសារ ហើយចូលក្នុងវិស័យសិល្បៈប្រមាណជាងមួយឆ្នាំមកហើយ និងចូលច្រៀងពេញសិទ្ធិក្នុងផលិតកម្ម GMB រយៈពេលប្រហែល ៩ ខែ ដោយបានចេញបទចម្រៀងផ្ទាល់ខ្លួនមួយចំនួនហើយដែរ។ ក្នុងនោះបទ “រាស្រ្តសាមញ្ញ” និងបទ “ហេតុអ្វីមិនមែនមនុស្សដំបូង” គឺទទួលការគាំទ្រច្រើនបំផុត។

ជុំវិញរឿងរ៉ាវនៃការសាក់រូប យុវតីរូបនេះបានឱ្យដឹងថា ដោយសារតែការស្រឡាញ់ និងក៏ដោយសារតែវាគឺជាអត្តសញ្ញាណផ្ទាល់ខ្លួនរបស់នាងដែលធ្វើឱ្យគេស្គាល់ផងដែរ។ កញ្ញាបានបន្ដឱ្យដឹងថា កញ្ញាបានត្រៀមខ្លួនរួចជាស្រេចទទួលយកមតិរិះគន់ផ្សេងៗតាំងពីចាប់ផ្ដើមសាក់មកម្ល៉េះ ប៉ុន្តែនេះគឺជាសិទ្ធសេរីភាពផ្ទាល់ខ្លួន ហើយនាងក៏មិនស្ដាយក្រោយក្នុងការសាក់នេះឡើយ៕​

ដោយ៖ ភូមិន្ទ