ឈាម​ស្រែក​ស្បែក​ហៅ ! ឃាតករប្លន់​សម្លាប់​ រួច​យក​សពទៅ​ចង់​ព្យួរ​ដើម្បី​បំភាន់​ភ្នែក ត្រូវបានឃាត់ខ្លួន

(កំពង់ស្ពឺ)៖ កាលពីថ្មីៗកន្លងទៅ មានករណីឃាតកម្មមួយកើតឡើងឡើងនៅចំនុចលើ​ភ្នំ​ទទឹង ភូមិ​អន្លុង​ស្នោរ ឃុំ​ស្គុះ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ខណៈដែលស្ត្រីរងគ្រោះម្នាក់ត្រូវបាន​ចោរប្លន់​សម្លាប់​ រួច​យក​សព​ស្ត្រី​រងគ្រោះ​ទៅ​ចង់​ព្យួរ​ដើម្បី​បំភាន់​ភ្នែក។

​ស្ត្រី​រងគ្រោះ​មានឈ្មោះ ជុំ ច​ន្ធូ អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ថ្លុក​ឈើទាល សង្កាត់​សុ​ព័រ​ទេព ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។

តាមប្រភពពីសមត្ថកិច្ច​នគរបាល​ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា បន្ទាប់ពី​ទទួលព័ត៌មាន​ពីពលរដ្ឋ​ម្នាក់បាន​និយាយថា គាត់​បាត់​គោមួយ​ក្បាល ហើយ​គាត់​បាន​ទៅរក​ស្រាប់តែ​ប្រទះឃើញ​សព​ស្ត្រី​ម្នាក់​ចង់ក​សម្លាប់ខ្លួន នៅ​ចំណុច​លើ​ភ្នំ​ទទឹង ហើយ​គាត់​បាន​រាយការណ៍​ទៅ​នគរបាល​ឃុំ​។​ បន្ទាប់មក នគរបាល​ខេត្តកំពង់ស្ពឺ​ស្រាវជ្រាវ​ស៊ើបអង្កេត និង​ការពិនិត្យកោសល្យ​វិ​ច្ច័​យ​បាន​សន្និដ្ឋានថា ជា​ករណី​ឃាតកម្ម​ដោយ​គិតទុក​ជាមុន ព្រោះ​លើ​ក្បាល​ផ្នែក​ខាងឆ្វេង​សព​ មាន​ស្នាក់​ស្នាម​បែក​ដោយសារ​ចោរប្លន់​វាយ​ឲ្យ​ស្លាប់ ហើយ​ទើប​យក​សព​ស្ត្រី​រងគ្រោះ​ទៅ​ចង់​ព្យួរ​ដើម្បី​បំភាន់​ភ្នែក​។​

ក្រោយ​មានការស្រាវជ្រាវ ​រហូតដល់​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២៧​ខែកក្កដា​ឆ្នាំ​២០២០ ទើប​សមត្ថកិច្ច ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជា​ចោរប្លន់​សម្លាប់​នេះ​មានឈ្មោះ ខូវ លី​ហាក់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ត្រស់​សាលា សង្កាត់​ស្វាយ​ក្រ​វ៉ាន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ហើយ​បាន​រកឃើញ​គ្រឿងអលង្ការ និង​ម៉ូតូ​របស់​សព​ស្ត្រី​រងគ្រោះ​។​

​តាមចម្លើយសារភាពរបស់ជនសង្ស័យ​ បាននិយាយថា គេ​ពិតជា​បានសម្លាប់​ស្ត្រី​រងគ្រោះ​នេះ​ពិត​បា​កដ​មែន ដោយសារ​ចង់​ទិញ​ម៉ូតូ​មួយគ្រឿង​ម៉ាក់ Z KaVaski ដែលមាន​តម្លៃ​១០,៧៥០​ដុល្លា​សហរដ្ឋអាមេរិក​ ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃុំខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​៕