ឆេះរោងចក្រវ៉ាន់ហ្គោល ផលិតស៊ុំរូបថត ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសតាយសេង២ ប៉ុន្តែសំណាងល្អជួយពន្លត់ទាន់ពេល

(ស្វាយរៀង) ៖មានអគ្គិភ័យឆេះកម្ទេចឈើធ្វើស៊ុបរូបថតរបស់រោងចក្រវ៉ាន់ហ្គោល ផលិតស៊ុំរូបថត ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសតាយសេង២ ក្នុងសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ដោយពុំដឹងមូលហេតុតែសំណាងល្អត្រូវបានសមត្ថកិច្ចជួយពន្លត់ទាន់ពេលវេលា។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៨ខែកក្តដាឆ្នា២០២០នេះនៅតំបន់សេដ្ឋកិច្ចពិសេសតាយសេង២ ក្នុងសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

បើតាមអោយដឹងពីលោក លោក វណ្ណ សុមុន្នី អភិបាលរងក្រុង បានអោយដឹងថា៖នៅវេលាម៉ោង៣រសៀលថ្ងៃទី២៨ខែកក្តដាឆ្នាំ២០២០នេះមានករណីអគ្គីភ័យឆាបឆេះកំនរកម្ទេចឈើធ្វើស៊ុបរូបថតក្នុងរោងចក្រវ៉ាន់ហ្គោល ផលិតស៊ុំរូបថត ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសតាយសេង២ ក្នុងសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

លោកបានបន្តទៀតថា៖ភ្លាមៗនោះក្រោយពីទទួលព័ត៌មានថាមានករណីអគ្គីភ័យឆាបឆេះរោងចក្រខាងលើក្រោមការបញ្ចាផ្ទាល់ពីលោក លឹម សៀងហេង អភិបាលក្រុងបាវិត លោក វណ្ណ សុមុន្នី អភិបាលរងក្រុង បានដឹកនាំកំលាំងអធិការដ្ឋាននគរបាលក្រុងនិងកំលាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ច្រកម្ទេសកំលាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិតជួយពន្លត់ដោយប្រើប្រាស់រថយន្តពន្លតអគ្គីភ័យអស់ចំនួន២គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋានក្រុងបាវិត១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់កងរាជអវុធហត្ថក្រុងបាវិត១គ្រឿង។

ប្រភពបានបន្ថែមទៀតថា មានករណីអគ្គីភ័យឆាបឆេះរោងចក្រខាងលើសមត្ថកិច្ចយើងបានគ្រប់គ្រងស្ថានការណ៍បាន១០០%ដោយប្រើរយៈពេលមួយម៉ោងកន្លះហើយនៅក្នុងហេតុការនោះក៏ពុំមានគ្រោះថ្នាក់ដល់មនុស្ស និងខូចខាតសម្ភារៈឡើយ។រីឯមូលហេតុបណ្តាលអោយមានអគ្គីភ័យខាងលើនេះក៏ពុំទាន់ដឹងច្បាស់នោះដែរព្រោះសមត្ថកិច្ចយើងកំពុងតែធ្វើការស្រាវជ្រាវ៕