អ្នកគាំទ្រសម្ដែងការបារម្ភ! ស្រេន វុធថា កំពុងមានជំងឺធ្ងន់ធ្ងរ

តារាសម្ដែងដ៏មានប្រជាប្រិយភាពលោក ស្រេន វុធថា ស្រាប់តែមានជំងឺកៀបសរសៃជាប់ឆ្អឹងខ្នង​ ហើយត្រូវវះកាត់ជាបន្ទាប់​ បើមិនដូច្នេះទេ គាត់ត្រូវពិការអស់មួយជីវិត។ ព័ត៌មានអកុសលនេះ​បង្កឱ្យមានការភ្ញាក់ផ្អើលបំផុតដល់អ្នកគាំទ្រ។

តាមការបញ្ជាក់របស់ សៀក ប៊ុនណារី មិត្តភក្ដិស្និទ្ធស្នាលរបស់តារារូបនេះបានឱ្យដឹងថា​លោក ស្រេន ​វុធថា ដែលធ្លាប់តែដើរធ្វើសប្បុរសធម៌ជួយអ្នកខ្សត់ខ្សោយនោះ ពេលនេះស្រាប់តែមានទុក្ខលើខ្លួនឯងម្ដង ព្រោះមានជំងឺតម្រូវឱ្យវះកាត់ជាបន្ទាប់ ហើយបើមិនវះគឺប្រឈមនឹងពិការភាពអស់មួយជីវិត។ ប៉ុន្តែបើវះកាត់ហើយក៏នៅតែមានហានិភ័យពិការខ្ពស់ ហើយការចំណាយក៏ខ្ពស់ទៅតាមនោះផងដែរ។

​គួរបញ្ជាក់ដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ តារាសម្តែង ស្រេន វុធថា បានចាយពេលវេលាមួយចំនួនពីសិល្បៈ ទៅជួយដល់កិច្ចការងារសង្គម ពិសេសការងារមនុស្សធម៌ជួយដល់ជនទីទ័លក្រនិងចាស់ជរាគ្មានទីពឹងជាដើម។  លោកធ្លាប់បានបញ្ជាក់ថា សកម្មភាពសប្បុរសធម៌ទាំងនេះមិនមែនធ្វើឡើងដើម្បីល្បីឈ្មោះ ឬចង់បានមុខមាត់ការកោតសរសើរទេ ប៉ុន្តែលោកចង់ឲ្យមានសកម្មភាពនៃការជួយគ្នា ចែករំលែកក្តីស្រឡាញ់ទៅកាន់គ្នានិងគ្នាក្នុងនាម ប្រជាជនខ្មែរដូចគ្នា៕

ដោយ៖ ភូមិន្ទ