A7S III ម៉ាស៊ីន​ថត​ប្រភេទ​ថ្មីពី Sony​ អាច​ចាប់​យក​វីដេអូ​ទំ​ហំ 4K 120p កម្រិត​16-bit Raw

កាមេរ៉ា​សូនី A7S ត្រូវបានដាក់លក់ជាលើកដំបូងក្នុងឆ្នាំ ២០១៤ ដោយអក្សរ​ S តំណាង​អោយ​ Sensitivity។ A7S II ត្រូវ​បាន​ចេញ​លក់​នៅ​ឆ្នាំ​បន្ទាប់​គឺ 2015 ដោយបានរចនាឡើងដើម្បីក្លាយជាស្តេចកាមេរ៉ាទំហំ 12MP ដែល​អាច​ចាប់​រូប​ភាព​ក្នុង​កាលៈទេសៈដែល​មាន​ពន្លឺ​ទាប។ កាមេរ៉ា​ទាំង​ពីរ​ម៉ូឌែល​ខាង​លើ​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​កាមេរ៉ា​ទាំង​អស់​លើ​ពិភព​លោក​ទទួល​ស្គាល់​ថា​ជា​ពិត​ជា​ស្តេច​ខាង​ថតរូប​ពេលខ្សោយ​ពន្លឺពិត​មែន។

៥ ឆ្នាំក្រោយ​មកចាប់តាំងពីការចេញលក់ A7S II ទីបំផុតក្រុមហ៊ុនសូនីបានដាក់ចេញនូវកាមេរ៉ា A7S III ដែលមាន​សមត្ថភាព​ចាប់​យក​រូប​ពេល​ខ្សោយ​ពន្លឺរឹត​តែ​មិនគួរឱ្យជឿ។ Sony A7S III ត្រូវ​បាន​ផលិត​ឡើង​មក​ដោយ​ភ្ជាប់​មក​ដោយ​ Sensor ទំហំដដែល 12MP backside illuminated EXMOR R CMOS full-frame។ Sensor ថ្មី​នេះ​ដំណើរ​ការ​ដោយការ​រួម​បញ្ចូល​គ្នា​នៃ​ទំហំ​ភិកស៊ែល​ទាប ជាមួយ​នឹង​ទំហំ Senser ដ៏ធំ ដែល​ធ្វើ​អោយ​វា​អាច​ចាប់​យក​រូប​បាន​ច្បាស់​ទោះ​បី​ជា​ក្នុង​ពេល​ងងិត។ កាមេរ៉ា​នេះ​ប្រើ​ប្រាស់​អង្គគណនារូបភាព​ជំនាន់​ថ្មី BIONZ XR ដែល​មាន​សមត្ថភាព​ខ្លាំង​ជាង A7S II ចំនួន​៨ដង។

និយាយ​ពី​សមត្ថភាព​ថត​ពេល​យប់ កាមេរ៉ា​នេះ​អាច​តម្លើង​កម្រិត ISO បាន​ដល់​ទៅ 409600 ឯនោះ ហើយ​កម្រិត​ទាប​បំផុត​វិញ​បាន​ដល់​ទៅ 40។ Sony ក៏​បាន​បញ្ជាក់​ផងដែរ​ថា កាមេរ៉ា​នេះ​មាន​កម្រិត​ Dynamic range ដល់ទៅ 15+ stop  ដែល​ធ្វើ​អោយ​កាមេរ៉ា​នេះ​រឹត​តែ​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​រក្សាលំនឹង​នៃ Shadow និង​ Highligt។ កាន់តែពិសេសជាងនេះ វាក៏មាន Viewfinder ដែលអាចបង្ហាញគុណភាពបាន 9.44 Million-Dot ក៏ដូចជាមានអេក្រង់ថាច់ស្រ្គីន, កន្លែងដាក់កាតចំនួនពីរ ទាំងប្រភេទ UHS-II SD Card និង CF Express Type A, រន្ធ HDMI និងសន្យាទទួលបានថាមពលថ្មយូរជាង A7S Mark II ដល់ទៅ 60% ឯណោះ។

A7S III ក៏​គាំ​ទ្រ​ការ​ថត​ប្រភេទ S-Gamut 3 និង S-Gamut3.Cine color Profiles ដើម្បី​ជាជំនួយ​ដល់​ការ​កែពណ៌​នៅ​ពេល​ថតរួច ដូច​នឹង​កាមេរ៉ា​ថត​កុន​ដែល​មាន​តម្លៃ​ថ្លៃៗដែរ។

A7S III មាន​ប្រភេទវីដេអូថ្មី XAVC HS ដែល​អាច​ថត​ File ប្រភេទ H.264 ព្រមទាំងប្រភេទថ្មី H.265 HEVC សម្រាប់ការថតសន្លឹកថែមទៀតផង និងមានសមត្ថភាពថតវីដេអូ 10-bit 4:2:2 HLG HDR ឬថត 4K បាន​ដល់​ទៅ 120p ថែម​ទៀត​ផង។

ដើម្បីជួយដល់​ការ​ចាប់​យក​រូប​ភាព​ច្បាស់ និងមាន​ល្បឿន​លឿន វា​ភ្ជាប់មក​ដោយ​បច្ចេក​វិទ្យា focusing system ថ្មី។ លើ​ប្រព័ន្ធ​ថ្មី​នេះ​មាន​ចំនុច​ចាប់​យក AF focus point ចំនួន​759ចំនុច ដែល​មានន័យ​ថា​វា​អាច​ចាប់​យក​កន្លែង​ច្បាស់​ 92% ស្ទើ​តែពេញ​មួយ​ Sensor ទៅហើយ។ កាលពី​នៅ​លើ​កាមេរ៉ា​ A7S ជំនាន់​មុនៗ​មិន​មាន​បច្ចេកវិទ្យា​ចាប់​យក​ល្បឿន​លឿន​នេះ​ទេ ដែល​ធ្វើ​អោយ​កាមេរ៉ា​ថ្មីនេះ​មាន​សមត្ថភាព​ចាប់​យក​តំណែង​ស្តេច​កាមេរ៉ា​ពេល​យប់​ជំនាន់​ថ្មី។

និយាយ​ពី​ប្រព័ន្ធ​ទប់​លំនឹង​រូប​ កាមេរ៉ា​នេះ​បាន​បំពាក់​មក​ដោយ5-axis in-body stabilization ដែល​អាច​ទប់​លំនឹង​បាន​ច្រើន​បើ​ប្រើប​ធៀប​នឹង​កាមេរ៉ា​មាក​ផ្សេង​ដែល​គ្មាន​មុខងារ​នេះ។​

អ្វីដែលសំខាន់បំផុតនោះគឺថាឥឡូវនេះក្រុមហ៊ុនសូនីបានផ្លាស់ប្តូរ UI ទាំងមូលរបស់ខ្លួនហើយ។ ប្លង់ថ្មីប្រើការរចនាម៉ឺនុយបែបផ្ទាំងបញ្ឈរ ហើយ​អ្នកអាចប្រើដៃប៉ះដើម្បីជ្រើសរើសនៅ​ក្នុងម៉ឺនុយ។

ការផ្លាស់​ប្តូរចុងក្រោយគឺ A7S III ប្រើការរចនារន្ធដោតកាតពីរដែលអាចប្រើ​បាន​ទាំង SDXC / SDHC ឬ CFexpress cards ក្នុងរន្ធដោតនីមួយៗ។ អ្នកអាចជ្រើសរើសថតវីដេអូ ឬរូបភាពទៅកាតទាំងពីរក្នុងពេលដំណាលគ្នា។

អំពី​តម្លៃ​វិញ Sony A7S III មាន​តម្លៃ​ប្រហែល 3500ដុល្លារ សម្រាប់​តែ​តួរកាមេរ៉ា ដែល​នឹង​មាន​លក់​ឆាប់ៗ​នេះ​ក្នុងខែកញ្ញា​ខាង​មុខ។ សម្រាប់​តម្លៃ​ប៉ុននេះ អ្នក​ទទួល​បាន​កាមេរ៉ា​មួយ​ដែល​មាន​សមត្ថភាព​ប្រហែល​នឹង​កាមេរ៉ា​ថត​កុន​ខ្នាតធំមួយ​ទៅ​ហើយ។

ដោយ៖ Vireak

ប្រភព៖ Sony