ការរឹតបន្តឹងច្បាប់ចរាចរណ៍ជិត ៧ ខែធ្វើឱ្យចំនួនអ្នកស្លាប់ និងរបួសថយចុះ

(ភ្នំពេញ)៖ អគ្គស្នងការរងនគរបាលជាតិ លោក នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានប្រាប់ឱ្យដឹងថា ការរឹត​បន្តឹង​ច្បាប់​ចរាចរ​ណ៍​​ផ្លូវគោក រយៈពេល ៧ ខែ ឆ្នាំ ២០២០ ទទួលបានលទ្ធផលជោគជ័យល្អប្រសើ។ លោកថា ចាប់តាំងពីមានការរឹតបន្តឹង បានធ្វើឱ្យចំនួន ហេតុការគ្រោះថ្នាក់ របួស និងស្លាប់ មានការថយចុះ គួរឱ្យកត់សម្គាល់។

លោក ហ៊ឹម យ៉ាន បន្ថែមថា« ចំនួន អ្នករបួសគឺកាត់បន្ថយបានជាង ៧០០ នាក់ អ្នកស្លាប់កាត់បន្ថយជាង ១០០ នាក់ ដែលលោកបន្តថា ប្រជាពលរដ្ឋភាគច្រើន​គឺចូលរួម​គោរពតាមច្បាប់នៃការរឹតបន្តឹង ហើយពេលនេះ មានភាពរលូនហើយ បើគិតមកដល់​ខែកក្ក​ដា​នេះ»​។ លោក ហ៊ឹម យ៉ាន បន្តថា នៅពេលខាងមុខ នគរបាលប្តេជ្ញារឹត​បន្តឹងអនុវត្តច្បាប់​ចរាចរណ៍​នៅ​ក្នុងឆ្នាំ ២០២០នេះ ឱ្យមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរ។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ បានឱ្យដឹងដែរថា ការអនុវត្តច្បាប់ចរាចរណ៍​ផ្លូវគោក គឺត្រូវមានការចូលរួមពី ស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជន ដោយមិនអាចពឹងផ្អែកតែ​ទៅលើ​គណៈ​កម្មាការសុវត្ថិភាពចរាចរណ៍ផ្លូវគោកនោះទេ។ លោករដ្ឋមន្ត្រីបានបន្ថែមថា បច្ចុប្បន្នក្រសួង​សាធារណការ បានរៀបចំធ្វើស្ពតរួមមួយ និយាយពីច្បាប់ចរាចរណ៍ផ្លូវគោក ដែលមានការចូលរួម ពីប្រជាពលរដ្ឋគ្រប់រូប។ លោកថា ការខាតបង់ថវិកា ដោយសារគ្រោះថ្នាក់ចរាចរណ៍ ប្រមាណ ៣៥០ លានដុល្លារ ក្នុង១ ឆ្នាំ។ លោក រដ្ឋមន្ត្រីក៏អំពាវនាវ ឱ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាច​រណ៍ ដើម្បីការពារអាយុជីវិតខ្លួន និងអ្នកដ៍ទៃ។

គ្រោះ​​ថ្នាក់ចរាចរណ៍ នៅ​ឆមាសទី១ ឆ្នាំ ២០​២០ បានកើតឡើងចំនួន ១.៦១៩លើក បណ្ដាល​ឲ្យស្លាប់ចំនួន៨១៦នាក់ និងរបួសចំនួន​២.៤៤៩​នាក់ (របួសធ្ងន់១.១២៣នាក់) អ្នកស្លាប់ភាគ​ច្រើន​​នៅរាជធានីភ្នំពេញ ១៤៦នាក់ ខេត្តកំពង់ធំ ៦០នាក់ និងខេត្តកណ្ដាល ៥៩នាក់។

ដោយឡែក ការត្រួតពិនិត្យយានយន្តជិ ១ លានគ្រឿង (៩៨៧០០៣) មានម៉ូតូ ៦១​ភាគរយ។ រកឃើញយានយន្តល្មើស និងពិន័យចំនួន ២៣៤១១៤ គ្រឿង ស្មើនឹង ២៤% ដែលមានម៉ូតូ ៦៥%​​​៕ (ដោយ៖ ឡេង ដេត)