រថយន្តបែនដឹកខ្សាច់ ជែងទៅបុកម៉ូតូ បណ្ដាលអោយស្លាប់៣នាក់ !

(ត្បូងឃ្មុំ)៖ នៅវេលាម៉ោង៩ ព្រឹកថ្ងៃទី២៩ ខែកក្ដដា ឆ្នាំ ២០២០ មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបែនដឹកខ្សាច់ ជាមួយម៉ូតូស្លាប់៣នាក់ភ្លាមៗនៅកន្លែងកើតហេតុ។ ហេតុការណ៍មួយនេះ បានកើតឡើងនៅនៅលើកំណាត់ផ្លូវជាតិលេខ ៧ ភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

បើតាមការអោយដឹងពីប្រជាពលរដ្ឋ ដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ាក C.125 ពណ៌ខ្មៅ រួមដំណើរគ្នា៣នាក់ ធ្វើដំណើរបញ្ច្រាសទិសគ្នា ម៉ូតូបើកបរមកពីត្បូងទៅជើង បានជែងរថយន្តធុនតូច ទៅបុករថយន្តបែនដឹកខ្សាច់ពណ៌ ស ពាក់ស្លាកលេខ រតនគីរី 3A- 0077 បណ្ដាលអោយស្លាប់ទាំង៣នាក់ភ្លាមៗនៅកន្លែងកើតហេតុ រីឯអ្នកបើកបររថយន្តបែនដឹកខ្សាច់ បានចតរថយន្តចោលកណ្ដាលផ្លូវ រត់គេចខ្លួនបាត់។

ជនរងគ្រោះទាំង៣នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីម សេរី២០១៨ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1F-5029 បើកបរដោយឈ្មោៈ អោក សៅ ហៅ(ម៉ាប់) ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិខ្នប់ដំរីត្បូង ឃុំដំរិល ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ (ស្លាប់នៅកន្លែងកើតហេតុ) បានឌុបមនុស្សស្រី០២នាក់ : ១-ប្រពន្ធឈ្មោៈ សន សុខខឿន ភេទស្រី អាយុ៣៤ឆ្នាំ ជាតិខ្មែរ នៅភូមិឃុំមួយគ្នា (ស្លាប់នៅកន្លែងកើតហេតុ) ២- ឈ្មោៈ ស៊ិន សុខខេន ភេទស្រី អាយុ២៧ ឆ្នាំ ជាតិខ្មែរ នៅភូមិឃុំជាមួយគ្នា (ស្លាប់នៅកន្លែងកើតហេតុ) ។

ក្រោយកើតហេតុនគរបាលចរ៉ាចរណ៍អធិការស្រុកត្បូងឃ្មុំ បានធ្វើការវាស់វែង រឹបអូសរថយន្តបង្ករនិងម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បីធ្វើការដោះស្រាយទៅតាមនិតិវិធីច្បាប់ ចំណែកសាកសពជនរងគ្រោះទាំង៣នាក់ ប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីយ៍៕ ដោយ៖ យុទ្ធ