សូមចូលរួមរំលែកទុក្ខ! បុរសម្នាក់លោតទឹកសម្លាប់ខ្លួន ដោយបន្សល់បណ្ដាំយ៉ាងខ្លីថា…

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ១១ ព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២០ នេះ គេបានប្រទះឃើញសពបុរសម្នាក់អណ្តែតទឹក នៅចំណុចខាងត្បូងស្ពានជ្រោយចង្វា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារាជធានីភ្នំពេញ ដោយសង្ស័យថា បុរសរូបនោះបានលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាតាំងពីថ្ងៃទី ២៨ មកម្ល៉េះ ។

យោងតាមការបញ្ជាក់របស់សមត្ថកិច្ចបានឱ្យដឹងថា សពបុរសនោះឈ្មោះ ប្រាក់ វុទ្ធី អាយុ ២៣ឆ្នាំ ស្នាក់នៅផ្ទះជួល នៅម្តុំគីរីរម្យ ក្នុងខណ្ឌ ៧មករា រាជធានីភ្នំពេញ។ មានស្រុកកំណើត ភូមិ យាមខៅ ឃុំត្រពាំងក្រសាំង ស្រុកបាទីខេត្តតាកែវ។ យោងតាមគណនីហ្វេសប៊ុករបស់សពរូបនេះបានបង្ហោះមុនទទួលមរណភាព បានបង្ហាញនូវសារបញ្ជាក់ពីការអស់សង្ឃឹមមួយឃ្លាថា៖ “ឱ្យខ្ញុំសុំទោស ម៉ាក់និងក្មួយផង…  ខ្ញុំនឹងចាំឯង”។ នៅរសៀលនោះដែរសមត្ថកិច្ច ក៏បានលើកសពមកដាក់លើច្រាំងដើម្បីត្រួតពិនិត្យ និងបញ្ជាក់ថា សពពិតជាបានស្លាប់ដោយសារតែឈ្លក់ទឹកពិតមែន។

យោងតាមការបញ្ជាក់របស់បងស្រីសព បានឱ្យសមត្ថកិច្ចដឹងថាមូលហេតុដែលធ្វើឱ្យប្អូនប្រុសគិតខ្លី ដោយសារតែមានវិបត្តិស្នេហា ដែលត្រូវគូស្នេហ៍ បោកយកប្រាក់អស់ខ្ទង់ម៉ឺនដុល្លារ ក៏តូចចិត្តមកលោតទឹកសម្លាប់ខ្លួនតែម្តង។ កន្លងមកប្អូនប្រុសព្យាយាមលេបថ្នាំសម្លាប់ខ្លួន ចំនួន៣ដងមកហើយ តែមិនបានសម្រេចដោយសារតែមានបងធម៌ជួយសង្គ្រោះទាន់។ បច្ចុប្បន្ន សពត្រូវបានក្រុមគ្រួសារបញ្ចូនយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ ភូមិន្ទ