ក្ដុកក្ដួល! រឿងរ៉ាវលម្អិតនិងប្រវត្តិនៃយុវជនដែលលោតទឹកសម្លាប់ខ្លួន

មហាជនមួយចំនួនប្រហែលជាបានជ្រាបរួចមកហើយ នូវវត្តមានសពយុវជនម្នាក់ដែលគេប្រទះឃើញអណ្តែតទឹក នៅចំណុចខាងត្បូងស្ពានជ្រោយចង្វា ខណ្ឌជ្រោយចង្វារាជធានីភ្នំពេញ កាលពីម៉ោងប្រមាណ ១១ ព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២០ ដោយសង្ស័យថាមានវិបត្តិស្នេហ៍នោះ។

ជុំវិញរឿងរ៉ាវលម្អិតក៏ដូចជាប្រវត្តិនៃសពបុរសរូបនេះ ត្រូវបានលោក ពេជ្រ រិទ្ធិដារ៉ា (Rithdara Pich) ដែលអះអាងថាជាមិត្តភក្ដិស្និទ្ធស្នាលបានឱ្យដឹងថា សពបុរសខាងលើ ឈ្មោះ ប្រាក់ វុទ្ធី អាយុ ២៣ឆ្នាំ មានមុខរបរជាអ្នកលក់អនឡាញ ស្នាក់នៅផ្ទះជួលនៅម្តុំគីរីរម្យ ក្នុងខណ្ឌ ៧មករា រាជធានីភ្នំពេញ។ មានស្រុកកំណើត ភូមិ យាមខៅ ឃុំត្រពាំងក្រសាំង ស្រុកបាទីខេត្តតាកែវ។ លោកបន្ដថាលោក វុទ្ធី ជាកូនទោលក្នុងគ្រួសារ មានម្ដាយម្នាក់នៅក្នុងបន្ទុក និងជាមនុស្សស្លូតបូត មិនដែលមានទំនាស់ជាមួយអ្នកណានោះឡើយ។ ចំពោះមូលហេតុនៃការស្លាប់ បើតាមការប៉ាន់ស្មានលោកយល់ឃើញថា គឺដោយសារតែ វុទ្ធី គិតច្រើនពីរឿងគ្រួសារ ខ្វះភាពកក់ក្ដៅ រឿងបរាជ័យក្នុងមុខជំនួញ និងជាមនុស្សម្នាក់ដែលចូលចិត្តលាក់ទុកក្ដីកង្វល់នៅក្នុងខ្លួន មិនព្រមនិយាយមកខាងក្រៅរហូតដល់មានជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ។ លោកថា មានសារព័ត៌មានមួយចំនួនបានចុះផ្សាយថា វុទ្ធី ខូចចិត្តរឿចាញ់បោកគូស្នេហ៍ដែលជាបុរសដូចគ្នាអស់ប្រាក់រាប់ម៉ឺនដុល្លារនោះ គឺមិនមែនជាការពិតឡើយ ព្រោះក្នុងនាមលោកជាមិត្តភក្ដិស្និទ្ធស្នាលលោកដឹងច្បាស់ថា វុទ្ធី គ្មានប្រាក់ឯណាដល់រាប់ម៉ឺនឱ្យគេបោកបាននោះឡើយ ហើយក៏មិនមានចំណងស្នេហ៍ស្អិតល្មួតណាមួយរហូតដល់ខូចចិត្តសម្លាប់ខ្លួននោះដែរ។

(រូបថតរបស់សពគ្រានៅមានជីវិតជាមួយមិត្តភក្ដិឈ្មោះ ពេជ្រ រិទ្ធិដារ៉ា)

អ្វីដែលគួរឱ្យក្ដុកក្ដួលនោះ គឺក្នុងពិធីបុណ្យសពដែលត្រូវបូជាកាលពីម៉ោង ០៩ យប់ថ្ងៃទី ២៩ នេះ គ្មានវត្តមានម្ដាយចូលរួមឡើយ ព្រោះជាប់នៅប្រទេសវៀតណាម ដោយសារតែបញ្ហាកូវីដ១៩ ទើបមិនអាចមកជួបមុខកូនជាលើកចុងក្រោយបាន។ ក្នុងនាមជាមិត្តចិត្តមួយថ្លើមមួយលោក ពេជ្រ រិទ្ធិដារ៉ា អះអាងថា ក្រៅពីរៀបចំពិធីបុណ្យជូនមិត្តនៅវត្ត ពោធិយារាម​ ហៅវត្ត​ចាស់​ នៅ​ត្រើយ​ម្ខាង​រួចមក បច្ចុប្បន្នលោកកំពុងរៀបចំសំបុត្រអញ្ជើញដើម្បីធ្វើពិធីបុណ្យ ៧ ឱ្យមិត្តបន្ដទៀត៕

ដោយ៖ ភូមិន្ទ