នគរបាលខេត្តតាកែវបញ្ជាក់ថា មិនមានករណីមិនអើពើចំពោះអំពើហិង្សានៅក្នុងស្រុកត្រាំកក់ដូចការចោទប្រកាន់ទេ

(តេកែវ)៖ ក្នុងសេចក្តីបំភ្លឺរបស់អ្នកនាំពាក្យស្នងការនគរបាលខេត្តតាកែវបានសរសេរថា កាលពីថ្ងៃទី ១៩ ខែកក្កដា  ឆ្នាំ២០២០ មានករណីហិង្សាដោយចេត​នាមួយបានកើតឡើង ក្នុងឃុំគុស ស្រុកត្រាំកក់ ដោយជនល្មើសបានប្រើប្រាស់សោរម៉ូតូចាក់ទៅលើជនរងគ្រោះបណ្ដាលឲ្យបែកត្រង់ក្រោមភ្នែកខាងស្តាំ ក្រោ​យ​មកជនល្មើសបានរត់គេចខ្លួន ដោយបន្សល់ទុកម៉ូតូនៅកន្លែងកើតហេតុ។

ក្រោយទទួលបានព័ត៌មាន នគរបាលប៉ុស្តិ័បានទៅសួរនាំ និងកសាងសំណុំរឿងធ្វើពាក្យបណ្ដឹងតាមជនរងគ្រោះ ហើយបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនេះស្នងការនគរបាលខេត្តតាកែវ កាលពីថ្ងៃទី ២៣ ខែ កក្កដា ហើយពេលនេះកំពុងបន្តនិតិវិធីទៅកាន់អយ្យការសាលាដំបូងរួចរាល់ហើយ។

ការចេញសេចក្តីបំភ្លឺនេះបន្ទាប់ពីមានមានគេហទំព័រសារព័ត៌មាន និងហ្វេសប៊ុក ចោទប្រកាន់ថា ជនល្មើសគឺជាសាច់ញាតិរបស់របស់ប្រធានប៉ុស្តិ៍រដ្ឋបាលគុស ទើបមិនចាត់វិធានការលើករណីអំពើហិង្សាមួយនេះ។ ករណីនេះ ស្នងការនគរបាលខេត្តតាកែវ អះអាងថា ជនល្មើស មិនមែនជាសាច់ញាតិប្រធានប៉ុស្តិ៍រដ្ឋ​បា​ល​​គុសនោះទេ៕(ដោយ ៖ រតនៈ)