ក្រុមហ៊ុនទូរស័ព្ទដៃម៉ាក់ VIVO និង OPPO លក់លើទីផ្សារខេត្តបន្ទាយមានជ័យ ភាគច្រើនអត់បង់ពន្ធ

(បន្ទាយមានជ័យ) ៖ មន្រ្តីគយចល័តក្រសួង ចុះត្រួតពិនិត្យហាងទូរស័ព្ទដៃបួនទីតាំងរកឃើញ ទូរស័ព្ទដៃម៉ាក់ VIVO និង OPPOជាច្រើនគ្រឿង ដែលក្រុមហ៊ុនចែកចាយដាក់លក់លើទីផ្សារខេត្តបន្ទាយមានជ័យ ភាគច្រើនសុទ្ធតែអត់បង់ពន្ធ ចូលរដ្ឋ ធ្វើអោយហាងលក់ទូរស័ព្ទដែលទទួលយកលក់បន្តខូចឈ្មោះនិងប្រឈមមុខនិងផ្លូវច្បាប់។

ការចុះត្រួតពិនិត្យ អនុវត្តកាតព្វកិច្ចបង់ពន្ធគយ លើផលិតផលទូរស័ព្ទដៃនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ នៅតាមបណ្តាហាងលក់ទូរស័ព្ទធំៗ មួយចំនួន ក្នុងទីរួមក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យលើទីតាំលក់ទូរស័ព្ទដៃចំនួនបួនទីតាំង ដឹកនាំដោយលោក ឈួន សោភា ប្រធានការិយាល័យស្រាវជ្រាវនិងបង្គ្រាប់អំពើគេចពន្ធតំបន់៥នៃនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មន្ត្រីអាវុធហត្ថ និងមន្ត្រីនគរបាល ក្រោមការសម្របសម្រួលនីតិវិធីពីសំណាក់ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ។

ក្រៅទូរស័ព្ទដៃទាំង២ម៉ូឌែលខាងលើ នៅមានទូរស័ព្ទដៃម៉ាក IPHONE, HUAWEI និងម៉ាក REALONE មួយចំនួនទៀត ដែលមន្ត្រីជំនាញរកឃើញថា មិនមានបិតតែមពន្ធគយ ដែលបញ្ជាក់ថាមានការបង់ពន្ធត្រឹមត្រូវ ហើយត្រូវបានមន្ត្រីជំនាញ ធ្វើការដកហូតជា បណ្តោះអាសន្ន ដើម្បីរងចាំខាងម្ចាស់ហាង ឬខាងក្រុមហ៊ុនចូលខ្លួនមកដោះស្រាយតាមនីតិវិធីច្បាប់ ។

ករណីនេះដែរ បើតាមអះអាងពីម្ចាស់ហាងលក់ទូរស័ព្ទដៃដែលមានស្លាកយីហោ វុយ សេង និងហាងយីហោ រ៉ាហ្វាត់ បានរៀបរាប់ស្រដៀងគ្នាថា ទូរស័ព្ទដៃទាំងនេះ ម្ចាស់ខាងហាងបានទទួលទិញ ពីក្រុមហ៊ុនផ្ទាល់ ដោយខ្លះមានបិតតែមបញ្ជាក់ពីការបង់ពន្ធ និងខ្លះទៀតមិនមានបិតតែម តែខាងក្រុមហ៊ុនបានអះអាងជាមួយហាងថា សុទ្ធតែជារបស់ដែលបានបង់ពន្ធត្រឹមត្រូវ គ្រាន់តែមិនទាន់បានបិតតែមលើប្រអប់ទូរស័ព្ទប៉ុណ្ណោះ ហើយចំពោះទូរស័ព្ទដែលត្រូវបាន មន្ត្រីជំនាញត្រួតពិនិត្យ និងដកហូតបណ្តោះអាសន្ននេះ គឺ ជាការទទួលខុសត្រូវរបស់ក្រុមហ៊ុនដែលយកទូរស័ព្ទទាំងនោះមកលក់ឲ្យហាងលក់បន្ត ។

គួរបញ្ចាក់ថា ទូរស័ព្ទដៃម៉ាក់ VIVO និង OPPO ជាប្រភេទទូរស័ព្ទដៃ ដែលកំពុងពេញនិយម សម្រាប់ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ ហើយការរកឃើញពីភាពមិនប្រក្រតីភាព របស់ផលិតផលទាំងនេះ ធ្វើឲ្យប្រជាពលរដ្ឋស្រងាកចិត្ត ព្រោះថា ពេលពួកគាត់ទិញទូរស័ព្ទដៃយកទៅប្រើ ពួកគាត់មិនដែលចាប់អារម្មណ៍លើតែមដែលបិត ឬមិនបិត លើប្រអប់ទូរស័ព្ទដៃនោះទេ តែគ្រាន់តែដឹងថា តម្លៃទូរស័ព្ទនីមួយៗ សុទ្ធតែរាប់រយដុល្លាដូចគ្នា ខុសតែម៉ាក និងយីហោ មនគួរណាក្រុមហ៊ុនទូរស័ព្ទគេងប្រវ័ញ្ចផ្នែកពន្ធដូច្នេះសោះ ៕ ដោយ រស្មី (យុទ្ធ)