សុខៗ​ផ្ទុះ​ឆេះ iPhone មួយ​គ្រឿង ផ្អើល​ហាង​កាត់​សក់​នៅ​វៀតណាម(មាន​វីដេអូ)

វីដេអូ​មួយ​ត្រូវ​បាន​បង្ហោះ​ផ្សាយ​លើ​គេហទំព័រ YouTube ជុំវិញ​ករណី​ផ្ទុះ​ឆេះ iPhone របស់​បុគ្គលិក​មួយ​គ្រឿង ដោយ​គ្មាន​មូលហេតុ កាល​ពី​ថ្ងៃ​ទី ២៥ មករា ក្នុង​ហាង​កាត់​សក់​នៅ​ប្រទេស​វៀតណាម។ ទំនង​ជា​ iPhone ទុក​ចោល​នៅ​លើ​តុ ដោយ​គ្មាន​នរណា​ចុច​លេង​អ្វី​ទាំង​អស់ ប៉ុន្តែ​សុខៗ​ក៏​ផ្ទុះ​បែក​ផ្កាភ្លើង ភ្ញាក់ផ្អើល​ទាំង​ភ្ញៀវ​ដែល​កំពុង​ធ្វើ​សក់។​

រៀបរាប់​ខ្សែ​វីដេអូ​ថត​ចេញ​ពី​កាមេរ៉ា​សុវត្ថិភាព ដំបូង​ឡើយ​បុគ្គលិក​កំពុង​អង្គុយ​ធ្វើ​សក់​ឲ្យ​នារី​ម្នាក់ បន្លឺ​សំឡេង​ភ្លេង​ចាក់​រណ្ដំ​ចិត្ត បាន​មួយ​ពព្រិច​ភ្នែក​ទូរសព្ទ​ក៏​ផ្ទុះ​ឆេះ បែក​ផ្កា​ភ្លើង​និង​ហុយ​ផ្សែង បង្ក​ការ​ស្លន់ស្លោ​ពេញ​មនុស្ស​ក្នុង​ហាង សំណាង​ល្អ​គ្មាន​នរណា​ម្នាក់​រង​របួស​អ្វី​ទេ ហើយ​ភ្លើង​ក៏​ឆាប់​រលុត​ទៅ​វិញ​ដូច​គ្នា។

តាម​ការ​បក​ស្រាយ​ពី​ប្រភព​មួយ​នេះ​ពុំ​មែន​ជា iPhone ទើប​តែ​ទិញ​ថ្មី​នោះ​ទេ ដោយ​អាច​ជា​ម៉ូឌែល iPhone 6 មាន​ប្រើ​ខ្ទង់ ៣-៤ ឆ្នាំ​ទៅ​ហើយ ម្ល៉ោះ​បើ​ចង់​ដឹង​ការ​បក​ស្រាយ​ពី Apple អាច​នឹង​ពិបាក​បន្តិច ណា​មួយ​មូលហេតុ​ភាគ​ច្រើន ក៏​គួរ​តែ​ជា​កំហុស​នៃ​ការ​ប្រើប្រាស់​ឬ​ផ្លាស់ប្ដូរ​គ្រឿង​បន្លាស់​ឥត​គុណភាព​របស់​អតិថិជន​ផ្ទាល់។

ទស្សនា​វីដេអូ:

ប្រភព: Soranews24.com