ក្រោយពីផ្ទុះរឿងនាយរងការិយាល័យប្រឆាំងគ្រឿងញៀន ចាប់ប្រជាជនធ្វើទារុណកម្មជំរិតយកលុយ ពេលនេះជនរងគ្រោះ ដាក់ពាក្យបណ្តឹង និងទារសំណង១០០លានរៀល

(ព្រៃវែង)៖ នាព្រឹកនេះ លោក ថៃ សាមាឌ ជាកម្មករផ្សារដែក ស្នាក់នៅភូមិស្វាយសុខោ សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង ដែលត្រូវ លោក ទួច ធារ៉ា នាយរងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចាប់ប្រជាជនធ្វើទារុណកម្ម ជំរិតយកលុយនោះ បានដាក់ពាក្យបណ្តឹងទៅព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង ដោយប្តឹង បុគ្គលខាងលើ និងបក្សពួក ពីបទធ្វើទារុណកម្ម និងបទចាប់បង្ខាំងមនុស្ស ជំរិតទារប្រាក់ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០។

ក្នុងពាក្យបណ្តឹងរបស់លោក ថៃ សាមាឌ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ បានលើកឡើងថា កាលពីថ្ងៃទី ២០ ខែកក្កដាឆ្នាំ ២០២០ វេលាម៉ោង ០៩:៤៥ នាទីយប់រូបលោក និងមិត្តភក្តិឈ្មោះ ហឿន រ័ត្ន អាយុ២៨ ឆ្នាំមុខរបរកម្មករផ្សារដែកស្នាក់នៅភូមិ/ឃុំ/ស្រុកជាមួយគ្នា បានជិះម៉ូតូចេញពីហាង ចាន់ គីរី ត្រឡប់ទៅផ្ទះវិញ។
ក្នុងពាក្យបណ្តឹងខាងលើ បានបន្តទៀតថា ពេលជិះមកដល់មុខវត្តរោងដំរី ស្រាប់តែឈ្មោះ ទូច ធារ៉ា ដែលជានាយរងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ជិះម៉ូតូមកគៀរ លោក ថៃ សាមាឌ ឲ្យឈប់ក្បែររបងវត្ត ហើយបានទាញកាំភ្លើងខ្លីមិនស្គាល់ម៉ាក អាម៉េបញ្ចូលគ្រាប់ហើយ យកកាំភ្លើងនោះវាយលើក្បាលឈ្នោះ ហឿន រ័ត្ន ។
ឃើញដូច្នោះ លោក ថៃ សាមាឌ បានចូលទៅឃាត់ តែឈ្មោះ ទូច ធារ៉ា មិនស្តាប់នៅតែយកកាំភ្លើងវាយមកលើ ហឿន រ័ត្នជាបន្តបន្ទាប់រួចហើយ ឈ្មោះ ទូច ធារ៉ា បានទូរស័ព្ទហៅបក្សពួក មកត្រួតវាយលើរូបគាត់ និងមិត្តភក្តិ ហើយចាប់ យកទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។
ពាក្យបណ្តឹងដដែលនោះ បានបន្តទៀតថា ពេលទៅដល់ ឈ្មោះ ទូច ធារ៉ា និងបក្សពួក បានប្រើដំបងក្តីគោ វាយដំលើរាងកាយលោក ថៃ សាមាឌ ថែមទាំងបានយកដំបងឆក់ ឆក់គំរាមខ្ញុំថែមទៀត។
បន្ទាប់មក ឈ្មោះ ទូច ធារ៉ា បានយកទឹកនោមពួកគាត់ទាំងពីរ ទៅពិនិត្យហើយប្រាប់ថាអ្នកទាំងពីរ មានផ្ទុកសារធាតុញៀនកំរិត១ និងបានទាមទារឲ្យក្រុមគ្រួសារជនរងគ្រោះ រកលុយមកលោះក្នុងម្នាក់ ២លានរៀល។ ពេលនោះឈ្មោះ ទូច ធារ៉ា បានទូរស័ព្ទទៅពូលោក ថៃ សាមាឌ ឈ្មោះឆាន សារួន ដោយឲ្យគាត់រកលុយសម្រាប់លោះអ្នកទាំងពីរ ដោយម្នាក់ៗត្រូវចំណាយ ២ លានរៀលសរុបពីរនាក់អស់ ៤ លានរៀល។
បន្ទាប់ពីក្រុមគ្រួសារលោក ថៃ សាមាឌ រួមទាំងមិត្តភក្តិ បានទៅខ្ចីចងការលុយគេសរុបចំនួន ៤ លានរៀល យកទៅឲ្យឈ្មោះ ទូច ធារ៉ា ទើបនាយរងនេះ និងបក្សពួក បានដោះលែងឲ្យត្រឡប់ទៅផ្ទះវិញនៅវេលាយប់អាធ្រាតថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ។
ពាក្យបណ្តឹងនោះ បានបញ្ជាក់ជូនព្រះរាជអាជ្ញាថា ពួកគាត់ទាំងពីរ មិនដែលពាក់ព័ន្ធប្រើប្រាស់សារធាតុញៀនម្តងណាទេ។ ជាក់ស្តែងបន្ទាប់ពីឈ្មោះ ទូច ធារ៉ា បានដោះលែង អ្នកទាំងពីរបានទៅមន្ទីរពេទ្យខេត្តព្រៃវែង ធ្វើតេស្តឈាម និងទឹកនោម ដោយចេញលទ្ធផលគ្មានសារធាតុញៀននៅក្នុងឈាម ឬក្នុងទឹកនោមទេ។ ដោយឡែកនៅមន្ទីរពិសោធន៍ រាជធានីភ្នំពេញ ក៏បានបញ្ជាក់ច្បាស់ថាពួកគេ មិនពាក់ព័ន្ធនិងសារធាតុញៀនទេ។
ជាមួយគ្នានោះ ពាក្យបណ្តឹងនោះ បានសង្កត់ធ្ងន់ថា ទង្វើរបស់ឈ្មោះ ទូច ធារ៉ា និងបក្សពួក ដែលបានធ្វើទារុណកម្ម និងចាប់បង្ខាំង លោក ថៃ សាមាឌ និងមិត្តភក្តិ ជំរិតទារប្រាក់ធ្វើឲ្យរងរបួសដល់រាងកាយ និងរបួសផ្លូវចិត្តថែមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អ្នកទាំងពីរ។
ដោយឡែកបើយោងតាមការផ្សាយចេញពីបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានបញ្ជាក់ថា ជនរងគ្រោះទាំងពីរ បានសំណូមពរឲ្យតុលាការចោទប្រកាន់ និង ផ្ដន្ទាទោសជនល្មើសតាមច្បាប់ និង ទាមទារជំងឺចិត្តម្នាក់ ១០០ លានរៀល។
គួរបញ្ជាក់ផងដែរថា ក្រោយពីផ្ទុះករណីនេះមក នាពេលថ្មីៗនេះ នាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចេញសេចក្តីសម្រេចផ្អាកការងារ ស្នងការរងខេត្តព្រៃវែង ទទួលបន្ទុកគ្រឿងញៀន និង នាយនគរបាល ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សរុប ចំនួន ៧នាក់។

នគរបាលទាំង ៧នាក់ ដែលនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ផ្អាកការងារបណ្ដោះអាសន្ន រង់ចាំការសម្រេចជាថ្មី រួមមាន ៖១. លោកឧត្ដមសេនីយ៍ត្រី ថោង វណ្ណឌី ស្នងការរង នគរបាលខេត្តព្រៃវែង ទទួលបន្ទុកគ្រឿងញៀន, ២. លោកវរៈសេនីយ៍ឯក ពៅ ជីវ័ន ប្រធានការិយាល័យប្រឆាំងគ្រឿងញៀន នៃ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង, ៣. លោកអនុសេនីយ៍ឯក ទូច ធារ៉ា អនុប្រធានការិយាល័យប្រឆាំងគ្រឿងញៀន នៃ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង, ៤.លោកអនុសេនីយ៍ឯក ស៉ី បូ ប្រធានផ្នែក ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង, ៥.លោកអនុសេនីយ៍ឯក ហេង ចាន់រតនា មន្ត្រី ការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង, ៦. លោកអនុសេនីយ៍ឯក សៀក ចាន់ធឿន មន្ត្រី ការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងលោកអនុសេនីយ៍ទោ យុន តារាភ័ស្ត មន្ត្រី ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង៕ ដោយ៖ Micheal