អេស្ប៉ាញកត់ត្រា នូវកំណើនខ្ពស់បំផុតប្រចាំថ្ងៃ នៃកូវីដ១៩ ចាប់តាំងពីការបិទទ្វារត្រូវបានដកចេញ

(អន្តរជាតិ)៖ ទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយថា ប្រទេសអេស្ប៉ាញ កាលពីថ្ងៃព្រហស្បតិ៍ ត្រូវបានរាយការណ៍ពីការកើនឡើងប្រចាំថ្ងៃដ៏ខ្ពស់បំផុត នៃករណីឆ្លងវីរុសកូរ៉ូណា ចាប់តាំងពីការចាក់សោរ ត្រូវបានបញ្ចប់ដោយមានចំនួនអ្នកឆ្លងជាង ១.០០០ នាក់ សម្រាប់ថ្ងៃទី២ ។

ទិន្នន័យរបស់ក្រសួងសុខាភិបាល បានបង្ហាញថា មានអ្នកឆ្លងថ្មីចំនួន ១,២២៩ នាក់ ត្រូវបានធ្វើរោគវិនិច្ឆ័យរកឃើញក្នុងរយៈពេល ២៤ ម៉ោង និងមានអ្នកឆ្លងចំនួន ១៣.៣៩១ ក្នុងសប្តាហ៍មុន ។

ការលេចចេញជាថ្មីនេះ បានជំរុញឱ្យតំបន់ខ្លះធ្វើការរឹតត្បិតឡើងវិញ ហើយអង់គ្លេសបានដាក់ឱ្យនៅដាច់ដោយឡែក ចំពោះអ្នកដំណើរមកពីអេស្ប៉ាញ ។ ប៉ុន្តែអ្នកជំនាញខាងជំងឺឆ្លងវីរុសរបស់រដ្ឋាភិបាល លោក Fernando Simon បានច្រានចោលថា ប្រទេសអេស្ប៉ាញ មិនបានស្ថិតក្នុងរលកទីពីរនៃការឆ្លងនោះទេ។

ក្នុងសន្និសីទសារព័ត៌មានមួយ លោកបានលើកឡើងថា “រលកទីពីរនឹងកើតឡើងនៅពេល ដែលយើងមិនបានគ្រប់គ្រង និងនៅពេលមានការរីករាលដាលក្នុងសហគមន៍” ។

លោកបានសង្កត់ធ្ងន់ថា ការរីករាលដាលនៃជំងឺនៅអេស្ប៉ាញនាំទៅដល់គ្រោះថ្នាក់អាយុជីវិតមានតិចតួចទេ បើប្រៀបធៀបទៅខែមេសា នៅពេលចំនួនអ្នកស្លាប់ប្រចាំថ្ងៃកើនឡើងដល់ ១.០០០ នាក់ ។

មានមនុស្ស ១០ នាក់ បានស្លាប់ ក្នុងរយៈពេល ៧ ថ្ងៃចុងក្រោយនេះ ។ គិតមកដល់ព្រឹកថ្ងៃសុក្រនេះ ទូទាំងប្រទេសអេស្ប៉ាញមានអ្នកឆ្លងកូវីដ១៩ ចំនួន ៣៣២ ៥១០ករណី ដោយមានអ្នកស្លាប់សរុប ២៨ ៤៤៣នាក់ ៕ ដោយ៖ សារីទ្ធ(Micheal)