កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អឺរ៉ុប-វៀតណាម ចាប់អនុវត្តពីខែសីហាតទៅ

(អន្តរជាតិ)៖ ទីភ្នាក៉ងារសារព័ត៌មាន AFP បានចុះផ្សាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពអឺរ៉ុប-វៀតណាម ឬ ហៅកាត់ EVFTA នឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី១ ខែសីហាខាងមុខ ដោយរដ្ឋាភិបាលក្រុងហាណូយរំពឹងថា វានឹងជួយជំរុញកំណើនការនាំទំនិញចេញទៅអឺរ៉ុប ២០ភាគរយបន្ថែមទៀត នៅឆ្នាំ២០២០។
តាមរយៈកិច្ចព្រមព្រៀងនេះ ការនាំទំនិញទៅវិញទៅមករវាងសហភាពអឺរ៉ុប និងវៀតណាមដោយរួចពន្ធ នាំចូល ៩៩ភាគរយ និងជួយកាត់បន្ថយរបាំងពន្ធត្រួតគ្នា ធានាកិច្ចការពារនិមិត្តសញ្ញាភូមិសាស្រ្ត និងបើកចំហទីផ្សារសេវាកម្ម និងលទ្ធកម្មសាធារណៈជាដើម។
វៀតណាមបានចាត់ទុកអឺរ៉ុប គឺជាទីផ្សារដ៏ធំមួយសម្រាប់ទំនិញនាំចេញរបស់វៀតណាម និងជាប្រភពវិនិយោគបរទេសដ៏សំខាន់ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ។ លើសពីនេះ កិច្ចព្រមព្រៀង EVFTA នឹងជំរុញកំណើននៃការនាំទំនិញចេញរបស់វៀតណាមទៅអឺរ៉ុប ទន្ទឹមនឹងការបើកឱកាសឱ្យវៀតណាមពង្រីកកិច្ចសហប្រតិបត្តិការជាមួយសមាជិកសហភាពអឺរ៉ុបទាំង ២៧ប្រទេស ។
តាមការវាយតម្លៃរបស់ធនាគារពិភពលោក ក្រោមកិច្ចព្រមព្រៀងនេះ វៀតណាមអាចបង្កើនការនាំចេញទៅអឺរ៉ុប ២០ភាគរយ នៅឆ្នាំ២០២០ ហើយនឹងបង្កើនដល់ ៤០ភាគរយ នៅឆ្នាំ២០២៥ ព្រមទាំងជួយបង្កើនកម្លាំងពលកម្មជំនាញ ១២ភាគរយ និងប្រាក់ខែកម្មករទូទៅ ១៣ភាគរយ។

កិច្ចព្រមព្រៀងដែលមានសុពលភាព ១០ឆ្នាំនេះ នឹងជួយបង្កើនផលិតផលក្នុងស្រុកសរុប GDP របស់វៀតណាមពី ២,១៨ ភាគរយ ដល់ ៣,២៥ ភាគរយ ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ និងពី ៤,៥៧ ភាគរយ ទៅ ៥,៣០ភាគរយ ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨។
វៀតណាម គឺជាដៃគូពាណិជ្ជកម្មធំលំដាប់ទី២ របស់សហភាពអឺរ៉ុបក្នុងតំបន់អាស៊ាន បន្ទាប់ពីសិង្ហបុរី ដោយមានទំហំទឹកប្រាក់ ៥១,៥ពាន់លានអឺរ៉ូ នៅឆ្នាំ២០១៩ ដែលក្នុងនោះវៀតណាមនាំទំនិញទៅអឺរ៉ុប បានប្រមាណ ៣៤,៤ ពាន់លានអឺរ៉ូ ឯសហភាពអឺរ៉ុបនាំទំនិញទៅវៀតណាមវិញ បានប្រមាណ ១១,១ ពាន់លានអឺរ៉ូ។

កន្លងមក វៀតណាម និងសហភាពអឺរ៉ុប បានអនុគ្រោះពន្ធលើទំនិញចេញ និងចូលរវាងគ្នា ប្រមាណជាង ៤០ភាគរយ ប៉ុន្តែបន្ទាប់ពីកិច្ចព្រមព្រៀងថ្មីចូលជាធរមាន ភាគីទាំង២នឹងបើកឱ្យដៃគូនាំទំនិញចូល ដោយមិនចាំបាច់បង់ពន្ធស្ទើរតែទាំងស្រុង។
តាមប្រភពពីគេហទំព័រគណៈកម្មការអឺរ៉ុប បានឱ្យដឹងថា ទំនិញសំខាន់ដែលអឺរ៉ុបនាំទៅវៀតណាមក្រោមកិច្ចព្រមព្រៀង មានដូចជា ផលិតផលបច្ចេកវិទ្យាជាន់ខ្ពស់ ដែលរាប់បញ្ចូលម៉ាស៊ីន និងបរិក្ខារអេឡិចត្រូនិក យន្តហោះ យានយន្ត និងថ្នាំពេទ្យ។

ឯទំនិញសំខាន់របស់វៀតណាមនាំទៅអឺរ៉ុប ក្រោមកិច្ចព្រមព្រៀងនេះវិញ រួមមាន គ្រឿងបង្គុំទូរសព្ទ ផលិតផលអគ្គិសនី ផលិតផលស្បែកជើង កាត់ដេរ និងសម្លៀកបំពាក់ កាហ្វេ អង្ករ គ្រឿងសមុទ្រ និងគ្រឿងសង្ហារឹម។ ដោយឡែកថៃ ក៏កំពុងព្យាយាមបង្កើតកិច្ចព្រមព្រៀង FTA ជាមួយអឺរ៉ុបផងដែរ បន្ទាប់ពីគណៈកម្មការអឺរ៉ុបបានផ្អាកការចរចាជាមួយប្រទេសនេះ ក្រោយរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា កាលពីឆ្នាំ២០១៤ ៕ ដោយ៖ សារីទ្ធ(Micheal)