ទិន្នផលឧស្សាហកម្មនៅខែមិថុនារបស់កូរ៉េខាងត្បូង លោតឡើងលឿន គិតចាប់តាំងពីឆ្នាំ២០០៩

(អន្តរជាតិ)៖ យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយថា ទិន្នន័យបានបង្ហាញនៅថ្ងៃសុក្រ ទី៣១ ខែកក្កដាថា ផលិតកម្មរោងចក្ររបស់ប្រទេសកូរ៉េខាងត្បូង បានកើនឡើងក្នុងអត្រាលឿនបំផុត ក្នុងរយៈពេលជាង ១១ ឆ្នាំ នៅក្នុងខែមិថុនា និងលឿនជាងការរំពឹងទុក ។
យោងតាមស្ថិតិរបស់កូរ៉េខាងត្បូង បានឱ្យដឹងថា ផលិតកម្មឧស្សាហកម្មបានកើនឡើង ៧,២ ភាគរយ ក្នុងមួយខែមិថុនា បើប្រៀបធៀបទៅនឹងការធ្លាក់ចុះ ៧ ភាគរយ ក្នុងខែឧសភា និងជាកំណើនលឿនបំផុតគិតចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០០៩ ។
កំណើនសេដ្ឋកិច្ចរបស់ប្រទេស ក៏បានកើនឡើង ២,១ ភាគរយផងដែរ បើយោងតាមការស្ទង់មតិរបស់ Reuters លើសេដ្ឋវិទូចំនួន ១១ នាក់។ លោក Kim Yong-beom អនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា “ទិន្នន័យថ្ងៃសុក្រ បានបង្ហាញសញ្ញាច្បាស់លាស់បន្ថែមទៀត នៃការរីកចម្រើននៅក្នុងសេដ្ឋកិច្ច និងពង្រឹងលទ្ធភាពនៃការងើបឡើងវិញនៃសេដ្ឋកិច្ចនៅក្នុងត្រីមាសទី ៣” ។
ទិន្នន័យបានបង្ហាញថា ផលិតផលពាក់កណ្តាលសម្រេច ដែលជាការនាំចេញលំដាប់កំពូលរបស់ប្រទេស បានកើនឡើង ៣,៨ ភាគរយ ពីខែឧសភា ដោយសារតម្រូវការបន្ទះឈីប DRAM ខណៈផលិតកម្មរថយន្ត កើនឡើង ២២,៩ ភាគរយ និងឧបករណ៍អគ្គិសនីកើនឡើង ១៣,៧ ភាគរយ ។
លោកបានបន្ថែមថា ទិន្នផលរោងចក្រពីបណ្តាប្រទេសផ្សេងទៀត រួមមាន ប្រទេសចិន និងសហរដ្ឋអាមេរិកមានភាពរឹងមាំ នៅក្នុងប៉ុន្មានខែថ្មីៗនេះ ទោះបីជាអត្រានៃការស្តារឡើងវិញ ត្រូវបានគេមើលឃើញថា មានភាពយឺតយ៉ាវក៏ដោយ។
ការនាំចេញទៅក្រៅប្រទេសរបស់កូរ៉េខាងត្បូង ត្រូវបានព្យាករណ៍ថា នឹងធ្លាក់ចុះ ៩,៧ ភាគរយ ក្នុងខែកក្កដា បើប្រៀបធៀបទៅនឹងរយៈពេល ៥ ខែជាប់ៗគ្នា។
ប្រទេសកូរ៉េខាងត្បូង គឺជាប្រទេសអាស៊ីចុងក្រោយគេ ដែលបានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច បន្ទាប់ពីសេដ្ឋកិច្ចរបស់ខ្លួនមានការធ្លាក់ចុះយ៉ាងខ្លាំង ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុអាស៊ី នៅក្នុងត្រីមាសទី ២ ។
លោក Park Sung-woo សេដ្ឋវិទូមកពីក្រុមហ៊ុន DB Financial Investment បានមានប្រសាសន៍ថា “វាឆាប់ពេកក្នុងការនិយាយថា សេដ្ឋកិច្ចបានស្ទុះងើបឡើងវិញនោះ ពីព្រោះការរីករាលដាលនៃវីរុសកូរ៉ូណា នៅតែជាហានិភ័យនៅឡើយ” ៕ ដោយ៖ សារីទ្ធ(Micheal)