លទ្ធផលសម្រេចរបស់សាលាឧទ្ធរណ៍ក្នុងសំណុំរឿងទម្លាយរូបអាក្រាត របស់ វ៉ាន់ នីឡា

ក្រោយពី កញ្ញា វ៉ាន់ នីឡា ប្រកាសទាមទារយុត្តិធម៌រយៈពេល ៤ ឆ្នាំកន្លងមក ពេលនេះសាលាឧទ្ធរណ៍បានបើកសវនាការជំនុំជំរះជាថ្មីហើយនាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ទៅលើសំណុំរឿងទម្លាយរូបអាក្រាតកាយ របស់តារាចម្រៀង វ៉ាន់ នីឡា។ លទ្ធផលនៃសវនាការជំនុំជំរះគឺ ព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ បានលើកពេលប្រកាសសាលក្រមជាថ្មី ទៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០វិញ។

តារាចម្រៀង វ៉ាន់ នីឡា បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្រោយចប់សវនាការកាលពីព្រឹកមិញថា ជនជាប់ចោទ គុយ សិទ្ធិស័ក្តិ ពុំបានមកបង្ហាញខ្លួនក្នុងសវនាការនាព្រឹកនេះឡើយ ពោលគឺមានតែមេធាវីតំណាងមកចូលរួមប៉ុណ្ណោះ។ កញ្ញាបានបន្ថែមថា ដូច្នេះព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ បានសម្រេចលើកពេលជំនុំជំរះ និងប្រកាសសាលក្រមទៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ប៉ុន្តែមេធាវីតំណាងរបស់រូបនាង បានស្នើសុំឲ្យរក្សាទុក ការសម្រេចរបស់សាលាឧទ្ធរណ៍។

សូមបញ្ជាក់ថា​ រឿងក្តីជនជាប់ចោទ គុយ សិទ្ធិសក្តិ កូនប្រុសលោក គុយ ប៊ុនសន អតីតអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ជាមួយកញ្ញា សុខ ចិន្ដា ហៅ វ៉ាន់ នីឡា គឺពាក់ព័ន្ធការប្រើហិង្សា និងបង្ហោះរូបភាពអាក្រាតកាយ៕

ដោយ៖ ភូមិន្ទ