រឿង​អាស្រូវ​​ក្ដៅ​៤ ប៊ុត សីហា ទទួល​រង​យ៉ាង​សុសសាច់ ក្រោយ​ជាប់​ជយលាភី

ក្រោយ​ឱប​ពាន​ជា​​តារា​កំពូល​សំឡេង​ប្រចាំ​កម្មវិធី​ The Voice Cambodia រដូវ​កាល​ដំបូង​បំផុត ប៊ុត សីហា បាន​ក្លាយ​ជា​ប្រធាន​បទ​សំខាន់​របស់​មហាជន​ ត្បិត​​លោក​​រង​ព័ត៌មាន​អាស្រូវ​ហូរហែ​ក្រោយ​ឈរ​លើ​តំណែង​នេះ។​

១ អាស្រូវ​​​គ្រួសារ

ក្លាយ​ជា​តារា​ពេញ​សិទ្ធិមិន​បាន​ប៉ុន្មាន​ផង ប៊ុត សីហា ដែលធ្លាប់​អះអាង​ខ្លួន​កម្លោះ​ចាយ​រាង​​បាន​បែក​រឿង​អាស្រូវ​គ្រួសារ​ថា លោក​មាន​ប្រពន្ធ​កូន​រួច​ហើយ។ ជុំ​វិញ​បញ្ហា​នេះ​ លោក​បាន​ចេញ​មុខ​បក​ស្រាយ​រឿយៗ​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​ថា​វា​មិន​​មែន​ជា​ការ​ពិត តែ​​ចុង​ក្រោយ​ នៅ​​ខែ​កញ្ញា​ ឆ្នាំ​២០១៦ លោក​បាន​បង្ហាញ​មុខ​ប្រពន្ធ​កូន និង​​បក​ស្រាយ​​ប្រាប់ Sabay ថា​ លោក​លែង​ខ្វល់​ពី​ប្រជាប្រិយភាព​​ តែ​ចង់​ផ្ដល់​កិត្តិយស​ឲ្យ​ពួក​គេ​វិញ។

រឿង​ផ្ទៃ​ក្នុង​ដ៏​រសើប​របស់​គ្រួសារ​​មិន​ទាន់​ចប់​ត្រឹម​នេះ​ទេ ដោយ​ខ្លួន​លោក​ផ្ទាល់​បាន​បង្ហោះ​សារ​​ហែក​ហួរ​​​​​ថា​ប្រពន្ធ​ខ្លួន​​រក​រឿង​ឈ្លោះ​ប្រកែក​​លោក​​ជុំវិញ​បញ្ហា​ហិរញ្ញវត្ថុ​​។

២ ល្បី​ជក់​ថ្នាំ

ស្ងប់​ក្ដី​ក្ដាំង​ស្នេហា តារា​ដែល​មាន​ឈ្មោះ​ជា​កូន​កំព្រា​ឪពុក ​មុន​ទទួល​បាន​ជោគជ័យ​លាភី​២​ថ្ងៃ​នេះ ត្រូវ​បាន​មហាជន​សង្ស័យ​ថា​លោក​ញៀន​ថ្នាំ ត្បិត​​រូប​រាង​​របស់​លោក​នៅ​គ្រា​នោះ​ស្គម​ស្គាំង​ស្លេក​ស្លាំង​ពិបាក​ពណ៌នា។ ករណី​នេះ សាមី​ខ្លួន​បាន​ចេញ​បក​ស្រាយ​ថា​ ដោយ​សារ​លោក​ធ្វើ​ការងារ​ហត់​​ពេក​ទើប​បណ្ដាល​ឲ្យ​ខ្សោយ​កម្លាំង និង​បាក់​សម្រស់​ដូច្នេះ។​

៣ ធ្លាក់​ខ្លួន​ច្រៀង​អាហ្វែរ

ជា​ម្ចាស់​ពាន​​លំដាប់​ថ្នាក់​ពិភព​លោក​មែន ប៊ុត សីហា ពិត​ជា​ខ្សត់​វត្តមាន​ក្នុង​បង្ហាញ​មុខ​​​​លើ​ចម្រៀង​ថ្មី និង​​ឆាក​ប្រគំ​តន្ត្រី​នានា​របស់ We Production ឬ​ហង្ស​មាស ណាស់ តែ​បែរ​ជា​ប្រទះ​​គេ​ឃើញ​លោក​ឡើង​ច្រៀងរក​លុយ​​ក្នុង​កម្មវិធី​មង្គលការ​តាម​ជនបទ​ និង​ឆាក​តូចៗ​​ ក្នុង​តម្លៃ​ខ្លួន​តិច​ ស្មាន​មិន​ដល់​​។

សកម្មភាព​នេះ​ត្រូវ​បាន​មនុស្ស​ក្នុង​ចង្កោម​សិល្បៈ​ខ្សឹបខ្សៀវ​ថា​ លោក​ត្រូវ​បាន​ក្រុម​ហ៊ុន​បោះ​បង់​ចោល មិន​អើពើ​លើក​ស្ទួយ​ដូច​តារា​ស្រករ​ក្រោយ ស្របទៅ​ហ្នឹង​អ្វី​​ដែល​ភាគី​​ហង្សមាស​ទើប​តែ​ទម្លាយ​ម្សិល​មិញ​​ថា ប៊ុត សីហា ពិត​ជា​ត្រូវ​បាន​ព្យួរ​ការងារ ត្បិត​លោក​ជា​មនុស្ស​ឆ្មើង​ មិន​គោរព​ពេល​វេលា ធ្វើ​ឲ្យ​ក្រុមហ៊ុន​ខាត​បង់​​ជា​ញឹកញយ ថែមទាំងញៀនថ្នាំ។ ​​

៤ ត្រូវ​មន្ត្រី​ប៉ូលិស​ចាប់​ខ្លួន​

ផ្អើល​ពេញ​ប្រទេស​កម្ពុជា​កាល​ពី​ល្ងាច​​​ថ្ងៃ​២១​ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ​លើ​ករណី​ប៉ូលិស​ចាប់​ខ្លួន​តារា​ចម្រៀង​ខាងលើ​ពី​បទ​ប្រើ​ប្រាស់​​ថ្នាំ​ញៀន។ ក្រោយ​មក​មន្ត្រី​​​បាន​ដោះ​លែង​លោក​វិញ​ក្រោយ​ក្រុម​គ្រួសារ​មក​ធានា​ខ្លួន​នៅ​យប់​ដដែល៕​