សម្ដេចក្រឡាហោម ស ខេង ប្រកាសទទួលស្គាល់សមាជរបស់គណបក្ស “កម្លាំងប្រជាធិបតេយ្យ”

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសទទួលស្គាល់សមាជវិសាមញ្ញរបស់គណបក្ស “កម្លាំងប្រជាធិបតេយ្យ” ដែលមានលោក អ៊ុន វិសិទ្ធគុន ជាប្រធាន នេះបើយោងតាមលិខិត ដែលការិយាល័យរបស់យើងទើបទទួលបាន នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ។

យោងតាមលិខិតចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ដែលសម្ដេចក្រឡាហោម ស ខេង ផ្ញើទៅកាន់លោក អ៊ុន វិសិទ្ធគុន  សម្ដេចក្រឡាហោម ស ខេង បញ្ជាក់ថា ក្រសួងមហាផ្ទៃទទួលស្គាល់លទ្ធផលសមាជលើកដំបូងរបស់គណបក្សកម្លាំងប្រជាធិបតេយ្យ ដែលបានប្រារព្ធធ្វើកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ ដោយបានបោះឆ្នោតអនុម័តជ្រើសរើស ទី១, លោក អ៊ុន វិសិទ្ធគុន ជាប្រធានគណបក្ស ទី២, លោក នួន ថា ជាអនុប្រធានគណបក្ស ទី៣, លោក អឿង គន្ធា ជាអគ្គហិរញ្ញិកគណបក្ស និងទី៤, លោក ហេង សុធា ជាអគ្គលេខាធិការគណបក្ស ព្រមទាំងបានសម្រេចធ្វើការផ្លាស់ប្ដូរទីស្នាក់ការកណ្ដាលរបស់គណបក្ស មកពីទីតាំងផ្ទះលេខ៥១១ ផ្លូវលំ ភូមិថ្មគោល២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃបានសម្រេចចុះឈ្មោះគណបក្សកម្លាំងប្រជាធិបតេយ្យ ក្នុងបញ្ជីគណបក្សនយោបាយ កលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០  ដើម្បីអនុញ្ញាតឲ្យធ្វើសកម្មភាពជាផ្លូវការ ដោយមានឈ្មោះសរសេរ ជាអក្សរកាត់ “គ.ក.ប” និងមានអាស័យដ្ឋាន នៃទីស្នាក់ការកណ្ដាលតាំង នៅផ្ទះលេខ៦៦៧E ផ្លូវលំ ភូមិ៧ បុរីសន្តិភាព២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក អ៊ុន វិសិទ្ធគុន ធ្លាប់បាននិយាយថា ការបង្កើតគណបក្សកម្លាំងប្រជាធិបតេយ្យនេះ  គឺដើម្បីចូលប្រឡូកក្នុងឆាកនយោបាយ ជួយដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យផ្លាស់ប្តូរទម្លាប់ភ្ញាក់រលឹកដោយខ្លួនឯងនូវរបបមួយមានលក្ខណៈប្រជាធិបតេយ្យជាក់ស្តែង មិនមែននិយាយគ្រាន់តែជាពាក្យស្លោកប៉ុណ្ណោះទេ។ លោកបន្តថា មានគណបក្សមិនតិចទេ បានយកប្រជាធិបតេយ្យទៅនិយាយលើវេទិកា។ តែគណបក្សទាំងនោះ នៅតែបរាជ័យ។ ដេកស្តាយលុយ ស្តាយកម្លាំងដែលប្រឹងកន្លងមក។

លោក អ៊ុន វិសិទ្ធគុណ លើកឡើងទៀតថា លោកមិនចង់ឲ្យមានរបបមួយបំបិទសិទ្ធិបញ្ចេញមតិជាសាធារណៈ ហើយបែរជានិយាយថា សេរីភាពប្រជាធិបតេយ្យមានគ្រប់បែបយ៉ាង។ គណបក្សខ្លះគិតតែបញ្ឆេះឲ្យពលរដ្ឋស្អប់គ្នា ហើយមិនដែលគិតពីរកគន្លឹះធ្វើយ៉ាងម៉េចឲ្យពលរដ្ឋមានចំណេះដឹងខាងលើកកម្ពស់ប្រាក់ចំណូលរស់នៅបានប្រសើរនោះទេ។ លោកថាគណបក្សកម្លាំងប្រជាធិបតេយ្យ ដែលព្រួយបារម្ភ និងខ្វល់ខ្វាយជាងគេ គឺខ្វះមុខរបរបង្កើនប្រាក់ចំណូលជូនយុវជន និងពលរដ្ឋ ហើយត្រូវតែរកមធ្យោបាយកាត់បន្ថយការចំណាយច្រើនកុំឲ្យពលរដ្ឋជំពាក់បំណុលច្រើន។ ជាមួយគ្នានោះ លោកក៏ចង់ផ្តល់ឱកាសឲ្យយុវជនណា ដែលចង់ចេះមុខជំនួញខ្នាតតូចធ្វើជាទុនបង្កើតមុខរបរផងដែរ៕ ដោយ៖ ភក្តី (យុទ្ធ)