សមត្ថកិច្ចចាប់ខ្លួន លោក រ៉ុង ឈុន ពីបទញុះញង់ឱ្យមាន​ភាពវឹកវរដល់សន្តិសុខ​សង្គមជុំវិញបញ្ហាព្រំដែន

(ភ្នំពេញ)៖ សមត្ថកិច្ចបានចាប់ខ្លួន លោក រ៉ុង ឈុន ពាក់ព័ន្ធនឹងបទល្មើស ញុះញង់ ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម ជុំវិញការលើកពីបញ្ហាព្រំដែន។ ការចាប់ខ្លួន លោក រ៉ុង ឈុន កើតមានឡើង បន្ទាប់ពីរូបលោក បានចេញសេចក្តីថ្លែងការណ៍មិនពិត ពាក់ព័ន្ធ ការបោះបង្គោលព្រំដែន ពីលេខ ១១៤ ដល់លេខ ១១៩ ថាមានភាពមិនប្រក្រតីច្រើន ធ្វើឱ្យបាត់បងដីអាស្រ័យផលទៅភាគីវៀត​ណាម ជាច្រើនរយហិចតា។

ព្រះរាជអាជ្ញារង នៃអាយ្យកាអមសាលាដំបូងរាជធានីភ្នំពេញលោ គុជ គឹមឡុង បានប្រាប់ព័ត៌មាន ក្នុងស្រុកថា លោក រ៉ុង ឈុន ពិត​ជាត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការបំភ្លៃការពិតលើបញ្ហាព្រំដែន ដែលជាបទល្មើសជាក់ស្តែង គឺបទល្មើសញុះញង់បង្ករភព វឹកវរដល់សន្តិសុខសង្គម តាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

គណៈកម្មាការចម្រុះកិច្ចការព្រំដែន នៅថ្ងៃទី ៣១ ខែកក្កដា ចេញសេចក្តីថ្លែងការទាត់ចោល សេចក្តីថ្លែង ការណ៍របស់លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា ដែលបានចេញផ្សាយមិនពិតថា ការបោះបង្គោលព្រំដែនពីលេខ ១១៤ ដល់លេខ ១១៩ មានភាពមិនប្រក្រតីច្រើន ដែលធ្វើឱ្យពលរដ្ឋបាត់បង់ដីអាស្រ័យផលទៅខាងភាគីវៀតណាមច្រើនរយហិចតា។ ហើយថាបើគិតពីបន្ទាត់ព្រំដែនចាស់មកដល់ការបោះបង្គោលឡាក់ និងបង្គោលរណបថ្មី បានចូលមកប្រហែល ៥០០ ម៉ែត្រក្នុងដីកម្ពុជា។ សេចក្តីថ្លែងការរបស់លោក រ៉ុង ឈុន និយាយទៀតថា ខ្សែបន្ទាត់ព្រំដែន ចេះតែរំកិលបន្តិចម្តងៗ ចូលមកក្នុងទឹកដីកម្ពុជា ប្រមាណ ៣ គីឡូម៉ែត្របច្ចុប្បន្ននេះ ហើយថា អាជ្ញាធរវៀតណាម បានចូលមកបណ្តេញ និងរុញច្រានប្រជាពលរដ្ឋខ្មែរ​ដែលរងគ្រោះពីដីធ្លី ប្រមាណ ជាង ២០០ម៉ែត្រក្នុងដីខ្មែរ ដែលអាជ្ញាធរខ្មែរមិនបានទប់ស្កាត់ ចំពោះទង្វើអាជ្ញាធរវៀតណាម ធ្វើ​មក​លើពលរដ្ឋរងគ្រោះ នៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

គណៈកម្មាការចម្រុះកិច្ចការព្រំដែន ថ្លែងបដិសេធចោលទាំងស្រុង នូវសេចក្តីថ្លែងការណ៍ របស់លោក រ៉ុង ឈុន និងគូកននៃក្រុមប្រឹ​ក្សា​​ឃ្លាំមើលកម្ពុជា ដែលមានចេតនាបង្កើត ប្រឌិតរឿង និងផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយដោយចេតនាទុច្ចរិត ក្នុងគោលបំណងបំភ័ន្តសាធារណៈមតិជាតិ និងអន្តរជាតិ។ គណៈកម្មាការចម្រុះកិច្ចការព្រំដែន ចាត់ទុកការលើកឡើងនេះ ជាការចោទប្រកាន់គ្មានមូលដ្ឋានមកលើកការងារព្រំដែន របស់រាជរដ្ឋាភិបាល អំពីការធ្វើឱ្យបាត់បង់ទឹកដី ក៏ដូចជាការបណ្តោយឱ្យមានការរំលោភបំពានទឹកដីពីប្រទេសជិតខាង។ គណៈកម្មាការចម្រុះកិច្ចការព្រំដែន ស្នើឱ្យប្រជាពលរដ្ឋ ផ្អាកការបង្កបង្កើនផលលើដីនោះ ជាបណ្តោះអាសន្ន រងចាំការបោះបង្គោលរួចរាល់សិនទើបឱ្យពួកគាត់ធ្វើស្រែចំការលើដីនោះវិញ។

រដ្ឋបាលខេត្តត្បូងឃ្មុំនៅថ្ងៃទី ១៥ ខែកក្កដា ក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយ អះអាងពុំមានអាជ្ញាធរវៀតណាម ចូលមករុញច្រានពលរដ្ឋខ្មែរមិនឱ្យដាំដុះក្នុងដីខ្មែរប្រមាណ ២០០ ម៉ែត្រនោះទេ។

គណៈកម្មាការចម្រុះកិច្ចការព្រំដែន ក៏អំពាវនាវដល់ជនរួមជាតិ កុំឱ្យជឿរាល់ការចែកចាយ រាល់ការបោកប្រាស់របស់ក្រុម លោក រ៉ុង ឈុន ដែលតែងតែបង្កើតព័ត៌មានក្លែងក្លាយ ក្នុងចេតនាទុច្ចរិត ដើម្បីវាយប្រហារដល់កិច្ចការព្រំដែនរបស់រាជរដ្ឋាភិបាល ហើយសកម្ម​ភាពទាំងអស់នោះអាចប្រឈមមុខនឹងផ្លូវច្បាប់។

កម្ពុជាបានកំណត់ខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងកម្ពុជា វៀតណាម សម្រេចបាន ៨៤ ភាគរយ នៃខ្សែបន្ទាត់ព្រំដែនរួម ហើយ​​គណៈកម្មាការចម្រុះកិច្ចការព្រំដែនកំពុងបន្តកិច្ចការបោះបង្គោលឱ្យសម្រេចបាន ១០០ ភាគរយ នៅពេលខាងមុខ៕ (ដោយ៖ ឡេង ដេត)