ក្ដុកក្ដួល! អ្នកម្ដាយ ទឹម រដ្ឋា ទទួលមរណភាពភ្លាមៗ ទាំងគ្មានជំងឺប្រចាំកាយ

ជារឿងមួយបង្កឱ្យមានភាពក្ដុកក្ដួលស្ទើរពេញពិភពសិល្បៈតែម្ដង បន្ទាប់ពីអ្នកម្ដាយរបស់កញ្ញា ទឹម រដ្ឋា គឺលោកស្រី ផាន រានី ទទួលមរណភាពកាលពីវេលាម៉ោង ១១៖០០ យប់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២០ នេះនៅឯគេហដ្ឋានលោកស្រីផ្ទាល់ដោយសារគាំងបេះដូង។ ភាពភ្ញាក់ផ្អើលខ្លាំងក្នុងមរណទុក្ខនេះគឺដោយសារតែកន្លងមកអ្នកម្ដាយរបស់កញ្ញា ទឹម រដ្ឋា គឺមានសុខភាពល្អធម្មតា អាយុក៏មិនជរា ហើយដែលពិសេសនោះគឺអ្នកស្រីតែងតែភ្ជាប់ទំនាក់ទំនងល្អជាមួយចង្កោមអ្នកសិល្បៈដែលជាមិត្តភក្ដិកូនៗរបស់អ្នកស្រី ហើយគ្រួសារលោកស្រីកន្លងមកក៏ល្បីថាមានអាធ្រាស្រ័យល្អផងដែរ។

ក្រោយមរណភាពភ្លាមៗ ក៏មានបងប្អូនមិត្តសិល្បករ និងអ្នកដែលស្និទ្ធស្នាលនឹងគ្រួសារសពបានទៅដល់ផ្ទះកើតហេតុផ្ទាល់និងសម្ដែងមរណទុក្ខដ៏ក្រៀមក្រំក្រៃលែង។ បច្ចុប្បន្នសពតម្កល់ធ្វើបុណ្យនៅគេហដ្ឋានរបស់សពផ្ទាល់ក្នុងរាជធានីភ្នំពេញ។ គួរបញ្ជាក់ឱ្យដឹងថាលោកស្រី ផាន រានី មានកូនប្រុស ស្រី បីនាក់ក្នុងបន្ទុក សុទ្ធតែមិនទាន់រៀបការ គឺទីមួយ ទឹម រដ្ឋា ជាតារាល្បី ទី២ កញ្ញា ទឹម វត្តី ​និងកូនប្រុសពៅគឺ ទឹម នីអូ៕​

ដោយ៖ ភូមិន្ទ