ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ​ឆ្នាំ​២០១៨​ និងលើកទិសដៅការងារឆ្នាំ២០១៩​ របស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ

ព្រះវិហារ៖ នៅមន្ទីរសុខាភិបាលខេត្តព្រះវិហារ ​ នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​ព្រះវិហារ​ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ​ឆ្នាំ​២០១៨​ និងលើកទិសដៅការងារឆ្នាំ២០១៩​ ​ដោយមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត អភិបាល អភិបាលរងក្រុង-ស្រុកទាំង៨ ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីសុខាភិបាលជាច្រើនរូប។ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ថា វិស័យសុខាភិបាលនៅក្នុងខេត្តព្រះវិហាររយៈ ពេលប៉ុន្មានឆ្នាំនេះ គឺបានផ្តល់នូវសេចក្តីទុកចិត្ត ជឿជាក់ដល់ប្រជាពលរដ្ឋភាកច្រើននៅក្នុងខេត្ត ព្រោះកន្លងមកប្រជាពលរដ្ឋមួយចំនួនពេលដែលពួកគាត់ត្រូវពិនិត្យជំងឺគឺទៅខេត្តផ្សេងៗ ដូចជា ខេត្តសៀមរាប ខេត្តកំពង់ធំ រាជធានីភ្នំពេញ ឬក៏ក្រៅប្រទេសតែម្តង។ ប៉ុន្តែបច្ចុប្បន្ននេះ ពួកគាត់ជ្រើសរើសយកសេវាសុខភាពនៅក្នុងខេត្តរបស់យើង ដោយមិនបាច់ចំណាយពេលវេលា ចំណាយថវិកាទៅរកសេវាសុខភាពក្រៅទៀតទេ។ ហេតុនេះថ្នាក់ដឹកនាំ នៃមន្ត្រីសុខាភិបាលខេត្តទាំងអស់ ត្រូវពង្រឹងវិស័យសុខាភិបាលទាំងរដ្ឋ និងឯកជន ដើម្បីផ្តល់ទំនុកចិត្តដល់បងប្អូនប្រជាពលរដ្ឋយើងបន្ថែមទៀត ធ្វើយ៉ាងណាបម្រើប្រជាពលរដ្ឋជូនបានល្អប្រសើរ ។

ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំឱ្យមន្ត្រីសុខាភិបាល ត្រូវធ្វើការត្រួតពិនិត្យមើលចំពោះគុណភាពចំណីអាហារ ដោយសហការជាមួយមន្ត្រីកាំកុងត្រូល ពិសេសចំណីអាហារដែលលក់ដូរនៅតាមសាលារៀន ទីផ្សារ។ ទន្ទឹមនឹងនោះត្រូវលុបបំបាត់កន្លែងលក់ ឱសថក្លែងក្លាយ កន្លែងពិនិត្យព្យាបាលជំងឺដែលគ្មានច្បាប់អនុញ្ញាត និងលុបបំបាត់ការផ្សព្វផ្សាយការលក់ផលិតផល សុខភាពនានា ដែលគ្មានគុណភាពនិងគ្មានច្បាប់អនុញ្ញាត ៕