សម្ដេចតេជោ ហ៊ុន សែន ផ្អាកចេញទៅវាយកូនគោល នៅតារាងខាងក្រៅ លើកលែងតែ ត្រូវទៅបើកការប្រកួតពានរង្វាន់ធំៗ

(ភ្នំពេញ)៖ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើបណ្ដាញសង្គមហ្វេសប៊ុកថា ចាប់ពីពេលនេះទៅសម្ដេច លែងចេញទៅវាយនៅតារាងខាងក្រៅទៀតហើយ លើកលែងតែត្រូវទៅ បើកការប្រកួតពានរង្វាន់ធំៗ ដែលប្រកួតក្នុងប្រទេសតែប៉ុណ្ណោះ។
សម្ដេចតេជោ បានថ្លែងថា ដំណាក់កាលកូវីដ-១៩លែងដឹងថា ថ្ងៃណាជាថ្ងៃធ្វើការ ឬថ្ងៃណាជាថ្ងៃឈប់សម្រាកទៀតហើយ។ មុនកូវីដ-១៩កម្មវិធីទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេសរាប់មិនអស់។ ពេលកូវីដ-១៩មកដល់ ការងារភាគច្រើនធ្វើនៅផ្ទះដោយពិនិត្យសម្រេច និងចុះហត្ថលេខាលើឯកសារក្នុងរង្វង់ពី២០ទៅ ៣០ច្បាប់ក្នុងមួយថ្ងៃ។
សម្តេចបានបន្តទៀតថា ក្រៅពីឯកសារ គឺមើលរបាយការណ៍ពីរាជធានីខេត្តទាំង២៥ ការសុំយោបល់ ឬពិគ្រោះយោបល់ជាមួយឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រីឬរដ្ឋមន្ត្រី តាមប្រពន្ធ័whatsapp, telegam, line និងប្រពន្ធ័ផ្សេងទៀតដែលនេះជាផ្នែក មួយនៃការប្រយុទ្ធជាមួយកូវីដផងដែរ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងបន្ថែមថា ថ្ងៃនេះហាត់ប្រាណដោយវាយកូនគោលនៅក្បែរផ្ទះទៀតហើយ។ ចាប់ពីពេលនេះទៅខ្ញុំលែងចេញទៅវាយនៅតារាងខាងក្រៅទៀតហើយ លើកលែងតែត្រូវទៅបើកការប្រកួតពានរង្វាន់ធំៗ ដែលប្រកួតក្នុងប្រទេសយើង។ ភរិយាខ្ញុំ កូនៗខ្ញុំ និងអង្គរក្សរីករាយជាមួយព័ត៌មាននេះព្រោះពួកគេបារម្ភពីសន្តិសុខ ពិសេសការឆ្លងកូវីដ-១៩លើរូបខ្ញុំតែម្តង៕ ដោយ៖ Micheal