ឈ្លោះប្រកែកជាមួយប្តីបន្តិចបន្តួច ស្រ្តីជាប្រពន្ធពោះធំ៣ខែ ចង-ក ធ្វើអត្តឃាត

(ភ្នំពេញ)៖ នារី​មាន​ផ្ទៃពោះ​៣​ខែម្នា​ក់ បានធ្វើអត្តឃាតដោយចងក ​គ្រាន់តែ​ឈ្លោះជាមួយ​ប្ដី​បន្តិច​ប​ន្តួច ។

​ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅ​៩​និង​៣០​នាទី​យប់ ថ្ងៃ​​ទី​៣១ ខែកក្កដា ឆ្នាំ​២០២០​ នៅក្នុង​បន្ទប់​ជួល​ជាន់​ទី​២ ក្នុងភូមិ​ត្រពាំង​ថ្លឹង​ទី​២ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

សមត្ថកិច្ចបានឲ្យដឹងថា ៖ នារីដែលធ្វើអត្តឃាត​​មានឈ្មោះ ស្រី ល័​ក្ខ អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ធ្វើការ​រោងចក្រ មាន​ស្រុកកំណើត​នៅ​ខេត្តព្រៃវែង​។​

ប្រភពព័ត៌មានពីប្អូនស្រី​ម្នាក់ បានបានឲ្យដឹងថា ៖ មុនពេលកើតហេតុ នារី​រងនារីរងគ្រោះបានឡាយវីដេអូរ​ស្រែក ក្រោយពី​ឈ្លោះ​គ្នា​ជាមួយ​ប្ដី ហើយក៏​សម្រេចចិត្ត​ចងក​សម្លាប់ខ្លួន ពេលនោះ​រូបគាត់​ក៏​ស្ទុះ​ទៅ​មើលឃើញ​ស្ត្រី​រងគ្រោះ​ចងក​ជាមួយ​ខ្សែ​អង្រឹង​ទៅ​ភ្ជាប់​នឹង​ឥដ្ឋ​ខ្យល់​លើ​បង្អួច​ត្រដរខ្យល់​ទៅហើយ ។ រូបគាត់​ក៏​រត់​មក​ប្រាប់​គេឯង​ឲ្យ​មកជួយ តែ​ជាអកុសល្យនារី​រងគ្រោះ បាន​ស្លាប់​បាត់ទៅហើយ​។

​ប្រភព​ដដែល​បាន​បន្តទៀតថា នារីរូបនេះ មុននឹង សម្លាប់ខ្លួន ​បានឮ​សំឡេង​ឈ្លោះ​គ្នា​ជាមួយ​ប្តី តែ​មិនដឹង​ឈ្លោះ​គ្នា​រឿង​អី​នោះទេ ក្រោយមក​ប្តី​នោះបាន​ចេញទៅ​បាត់ ធ្វើ​ឲ្យ​ស្ត្រី​រងគ្រោះ​​ បាន​ដាច់ចិត្ត​បញ្ចប់ជីវិត​ដោយ​​ចងក សម្លាប់ខ្លួន។​

​បន្ទាប់​កើតហេតុ សមត្ថកិច្ច​កោសល្យវិច័យ បាន​ចុះមក​ពិនិត្យមើល លើ​សាកសព​បាន​សន្និដ្ឋានថា នារី​រងគ្រោះ​​ពិតជា​ស្លាប់​ដោយសារ​ចងក​ធ្វើអត្តឃាត​ខ្លួនឯង​ពិតប្រាកដមែន​។

សមត្ថកិច្ចធ្វើកំណត់ហេតុឲ្យរថយន្តដឹកសព​ យកទៅ​តម្កល់ទុក​នៅ​វត្ត​ទឹកថ្លា​រង់ចាំ​ សាច់ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕ ដោយ៖ យុទ្ធ