អាសូរណាស់! ពេជ្រ ចរណៃ ខំការពារវប្បធម៌រហូតគ្មានលុយមួយរៀលពេលម្ដាយឈឺ

កញ្ញា ពេជ្រ ចរណៃ តារាសម្ដែងដ៏មានប្រជាប្រិយភាព​និងជាអ្នកគុនល្បុក្កតតោខ្មែរ ដ៏ជំនាញម្នាក់បានបង្ហាញពីស្ថានភាពពិតថាកញ្ញា ខំខ្នះខ្នែងលះបង់ពេលវេលាជាមួយវប្បធម៌ពេករហូតដល់គ្មានលុយក្នុងខ្លួនសោះ ក្រោយពេលម្ដាយធ្លាក់ខ្លួនឈឺ។

តារាសម្ដែងបែបក្បាច់គុនរូបនេះបានបន្ដឱ្យដឹងដោយភ្ជាប់នូវរូបភាពម្ដាយកំពុងមានជំងឺអមជាមួយសារយ៉ាងវែងថា៖ “មិនមែនជាលើកទីមួយទេ​ ដែលខ្ញុំជួបរឿងបែបនេះ​ ឈឺចាប់​បែបនេះ​… នៅពេលដែល​ បងប្អូន​ទាំងអស់គ្នា​អាន​ សំណេរនេះ..ប្រហែល​ជាគ្មានអ្នកណាជឿទេ! នៅពេលនេះគ្មានលុយក្នុងខ្លួនសោះ​ ម៉ាក់ឈឺមួយយប់ហើយ​..ម៉ាក់មិនប្រាប់​ ក៏ខ្ញុំដឹងដែរថា​ ម៉ាក់ឈឺ​ ពិបាកក្នុងខ្លួន​ ពិបាកទ្រាំ​ គ្រប់ពេលដែលដឹងថាម៉ាក់ពិបាក​ ម៉ាក់ឈឺ​ ក្នុងទ្រូងខ្ញុំស្ទើរតែធ្លុះធ្លាយអស់ហើយ​ …។ …តែខ្ញុំមិនអាចធ្វើអ្វីបាន​ ក្រៅពីលួចយំ​ ហើយ​ ស្ដីបន្ទោស​ខ្លួនឯង​ ដែល​មិនទាន់ធ្វើឱ្យម៉ាក់មានក្ដីសុខ​ ឈប់នឿយហត់​ ដោយមិនខ្វះខាតបាននៅពេលនេះ..! ព្រោះកូនបាន​ចំណាយពេលវេលាជាច្រើន​ ធ្វើការងារ​វប្បធម៌​ មនុស្សធម៍​ ! ដែលគ្មានពេលបាន​ ធ្វើការស៊ី​ ឱ្យបានគ្រប់គ្រាន់…។ ពេលនេះខ្ញុំដាច់ចិត្តយកម៉ាក់មកពេទ្យ​ ទាំងគ្មានលុយសោះ​ ហេីយសុំគ្រូពេទ្យជុំពាក់ថ្លៃ​ ព្យាបាល​សិន..ដោយក្ដី​ អាណិតមេតា​ ពី​ លោកដុកទ័រ​ សុខ​ វិចិត្ត​ នៅមន្ទីរពហុព្យាបាល​ ដូនពេញសែនសុខ​ បានឱ្យម៉ាក់​ នៅសំរាកព្យាបាល​ នៅទីនោះកាលពីលើកមុន​ ក៏​លោកគ្រូពេទ្យ​ បានព្យាបាល​ ដោយមិនគិតប្រាក់ម្ដងហើយ​។ ខ្ញុំសូមគោរពអរគុណ​! លោកគ្រូ!​ ខ្លាំងណាស់…”។

គួរបញ្ជាក់ថានេះមិនមែនជាលើទីមួយឡើយ ដែលតារាសម្ដែងរូបនេះបង្ហាញពីកង្វះខាតលុយកាក់ក្នុងការព្យាបាលជំងឺ ដែលកាលពីឆ្នាំ ២០១៧ ពេជ្រ ចរណៃ ធ្លាប់មានជំងឺបេះដូងប្រហោង តម្រូវឱ្យសុំជំនួញពីមហាជនធ្វើការវះកាត់បន្ទាន់ព្រោះត្រូវចំណាយរាប់ម៉ឺនដុល្លារ។ គ្រានោះលោក ខៃ ប្រសិទ្ធិ តារាសម្ដែងល្បីឈ្មោះជើងចាស់ក៏បានជួយកញ្ញា ក្នុងទឹកប្រាក់រហូតដល់ជិត ២​ម៉ឺន ដុល្លារផងដែរ ដើម្បីព្យាបាលជំងឺ៕

ដោយ៖ ភូមិន្ទ