គណៈប្រតិភូកងទ័ពជើងទឹកឥណ្ឌាចូល ជួបសម្ដែងការគួរសមជាមួយរដ្ឋបាលខេត្តព្រះសីហនុ

ព្រះសីហនុ៖ ទី២៦ ខែមីនា ឆ្នាំ២០១៩ គណៈប្រតិភូកងទ័ពជើងទឹកឥណ្ឌា ដឹកនាំដោយលោកវរនាវីទោ T ASHISH មេបញ្ជាការនាវា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក ឈិន សេងងួន អភិបាលស្ដីទីខេត្តព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ ។លោកវរនាវីទោ T ASHISH  មេបញ្ជាការនាវាកងទ័ពជើងទឹកឥណ្ឌា បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត ក៏ដូចជាប្រជាពលរដ្ឋខេត្តព្រះសីហនុ ដែលអនុញ្ញាតឱ្យនាវាកងទ័ពជើងទឹកឥណ្ឌា ចូលចតធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសការធ្វើទស្សនកិច្ចនៅខេត្តព្រះ សីហនុ ។ លោកវរនាវីទោ បានបន្តថា កម្ពុជានិងឥណ្ឌាមានទំនាក់ទំនងល្អជាមួយគ្នាជាយូរមកហើយ ដូច្នេះយើងនឹងពង្រឹង និងពង្រីកទំនាក់ទំនងនេះឱ្យកាន់តែល្អថែមទៀត ព្រមទាំងធ្វើលំហាត់រួមគ្នាពាក់ព័ន្ធទៅនឹងកំណែទម្រង់វិស័យកងទ័ពរវាងប្រទេសទាំងពីរ ពិសេសការផ្លាស់ប្ដូរនូវបទពិសោធន៍ពីគ្នាទៅវិញទៅមក ។ លោកសង្ឃឹមថា ក្រុមនាវិករបស់លោកនឹងចងចាំនូវអ្វីដែលល្អៗ កើតឡើងនៅលើទឹកដីខេត្តព្រះសីហនុ នាពេលនេះ ។

លោក ឈិន សេងងួន បានទទួលស្វាគមន៍ គណៈប្រតិភូកងទ័ពជើងទឹកឥណ្ឌា ក្នុងការចូលចតនាវាឆ្មាំសមុទ្រឥណ្ឌា នៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសក៏ដូចជាការស្នាក់នៅធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ ។ ខេត្តព្រះសីហនុមានកោះចំនួន៣២ នឹងមានសក្តានុពល កំពង់ផែទឹកជ្រៅ ឆ្នេរសមុទ្រស្អាត ព្រលានយន្តហោះ ផ្លូវរថភ្លើង ធនធានធម្មជាតិទាំងអស់នេះ ធ្វើឱ្យខេត្តមានការអភិវឌ្ឍរីកចម្រើនយ៉ាងលឿន ។ បច្ចុប្បន្នមានការវិនិយោគលើវិស័យឧស្សា ហកម្ម និងវិស័យទេសចរណ៍ ដោយមានរោងចក្រប្រមាណជាង ២០០ ។

លោកបានបន្ដថា រយៈពេល ២ឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុមានកំណើនសេដ្ឋកិច្ចយ៉ាងគំហុកធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន មានបញ្ហាប្រឈមមួយចំនួន ទោះជាយ៉ាងនេះ ក៏កំណើនសេដ្ឋកិច្ចមានការរីកចម្រើនយ៉ាងគំហុកផងដែរ ។ នេះជាការចូលចតរបស់នាវាកងទ័ពជើងទឹកឥណ្ឌាលើកទី១១ ស្មើនឹង ១៦គ្រឿង និងសូមជូនពរឱ្យដំណើរទស្សនកិច្ចនៅកម្ពុជា ជាពិសេសការទស្សនានៅតាមតំបន់ រមណីយដ្ឋាននានាក្នុងខេត្តព្រះសីហនុប្រកបដោយសុវត្ថិភាព និងជោគជ័យ ព្រមទាំងសំណូមពរឱ្យមេបញ្ជាការជួយផ្សព្វផ្សាយពីសក្តានុពលរបស់ខេត្តព្រះសីហនុ និង ជួយជំរុញវិនិយោគិន៌ណ្ឌាឱ្យមកកាន់ខេត្តព្រះសីនុ ៕