UPDATED៖ ករណីលិចទូកនៅកោះរ៉ុង សមត្ថកិច្ច ជួយសង្គ្រោះជីវិតមនុស្សលើនោះ បានទាំងអស់

(ព្រះសីហនុ)៖ ករណីទូកមួយគ្រឿង បានប៉ះរលកបែកទូកលិចចូលក្នុងសមុទ្រ នៅចំណុចឃ្លងឡទឹកត្រី ក្រុងកោះរ៉ុង នាវេលាម៉ោងជិត៤ល្ងាច ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ ក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងបានជួយសង្គ្រោះបានទាំងអស់ ដោយមិនមានអ្នករងគ្រោះដល់ជីវិតទេ។

តាមសេចក្តីរាយការណ៏ពីសមត្ថកិច្ចថា អ្នករងគ្រោះទាំងអស់សរុប១៥នាក់ មានក្មេងមានចាស់ ដែលបានទៅចូលរួមកម្មវិធីជប់លៀងខួបកំណើតមួយនៅ កោះរ៉ុង។

ក្រោយកើតហេតុ មានការជួយសង្គ្រោះដោយកម្លាំងនគរបាលនិងសមត្ថកិច្ចមូលដ្ឋាន ព្រមទាំងអូប៊រ័ល្បឿនលឿនក្រុមហ៊ុន GTVC របស់លោកឧកញ៉ាទៀ វិចិត្រ និងទូកនេសាទ ស្មគ្រ័ចិត្តមួយចំនួនទៀត ។

តាមការបញ្ជាក់បន្ថែមពីសមត្ថកិច្ច បានឲ្យដឹងថា បច្ចុប្បន្នអ្នករងគ្រោះទាំងអស់ កំពុងដឹកយកមកលំនៅដ្ឋាននៅទំនប់រលក ក្រុងព្រះសីហនុវិញហើយ។ ដោយឡែកទូករងគ្រោះបានលិចចូលក្នុងសមុទ្របាត់ហើយ៕ ដោយ៖ Micheal