អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ដោះស្រាយសំណុំរឿងកកស្ទះ បានជាង៣០០០ករណីហើយ

(ភ្នំពេញ)៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានអះអាងថា នៅក្នុងរយៈពេលជាង៤០ថ្ងៃ ឆ្នាំ២០២០នេះ ក្រសួងយុត្តិធម៌បានដោះស្រាយសំណុំរឿងបានជាង៣០០០ករណី ដែលស្មើនឹង២៧ភាគរយ ហើយសំណុំរឿងភាគច្រើនជាបទល្មើសគ្រឿងញៀន បទល្មើសនេសាទជលផល ព្រៃឈើ និងបទល្មើសផ្សេងៗទៀត។

ការលើកឡើងរបស់អ្នកនាំពាក្យរូបនោះ បានធ្វើឡើងបន្ទាប់ពីក្រសួងយុត្តិធម៌បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត នៅទូទាំងប្រទេស ដែលយុទ្ធនាការនេះ គឺដើម្បីកាត់បន្ថយការកកស្ទះសំណុំរឿង ដើម្បីពន្លឿនការផ្តល់យុត្តិធម៌ដល់ប្រជាពលរដ្ឋលើកកម្ពស់ និងផ្តល់យុត្តិធម៌ឱ្យបានលឿន និងល្អប្រសើរដល់ប្រជាពលរដ្ឋ ជួយដល់ការកាត់បន្ថយនូវភាពចង្អៀតណែននៅក្នុងពន្ធនាគារ។

លោក ជិន ម៉ាលីន ក្នុងនាមជាប្រធានក្រុមការងារទី៤ នៃ គ.យ.ក.ស ផងនោះ បានថ្លែងប្រាប់អញនកសារព័ត៌មានថា នៅក្នុងរយៈពេល៤២ថ្ងៃដំបូង ឬក្នុងរយៈពេលជិត២ខែមកនេះ មន្រ្តីនីមួយៗនៅតាមតុលាការ បានអនុវត្តទៅតាមផែនការ ឬយុទ្ធនាការយ៉ាងសកម្ម និងយកចិត្តទុកដាក់នៅក្នុងការដោះស្រាយសំណុំរឿងនានា ដែលបានកកស្ទះនាពេលកន្លងមក។ បច្ចុប្បន្នតុលាការបានដោះស្រាយសំណុំរឿងនានាបានជាង៣០០០ ត្រូវជា២៧ភាគរយ នៅក្នុងរយៈពេល៤២ថ្ងៃ។

បើតាមលោកជិន ម៉ាលីន ការកកស្ទះនៃសំណុំរឿងទាំងនេះ គឺមិនមែនជាកំហុសរបស់ភាគីណាមួយឡើយ ក៏ប៉ុន្តែវាជាកត្តាសត្យានុម័ត ដែលកើតមានឡើង ដោយហេតុថា នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការអនុវត្តនូវយុទ្ធនាការបង្ក្រាបបទល្មើសទៅគ្រប់វិស័យទាំងអស់រួមមាន បទល្មើសគ្រឿងញៀន បទល្មើសនេសាទជលផល ព្រៃឈើ និងបទល្មើសផ្សេងៗទៀត ហើយច្រើនកើតមានឡើងនៅក្នុងរាជធានីភ្នំពេញ ព្រោះវាជាទីកន្លែង ដែលមានបណ្តុំមនុស្សជាច្រើន ចូលមកក្នុងគោលបំណងធ្វើពាណិជ្ជកម្ម ឬវិនិយោគទុនផ្សេងៗ។

អ្នកនាំពាក្យរូបនេះពន្យល់ថា យុទ្ធនាការរបស់ក្រសួងយុត្តិធម៌ត្រូវបានទទួលជោគជ័យក្នុងការបង្រ្កាបបទល្មើសបានជាច្រើន ដែលជាហេតុនាំឱ្យការកសាងសំណុំរឿងនៅតុលាការក៏បានកើនឡើងកាន់តែច្រើន ហើយហួសពីសមត្ថភាពរបស់តុលាការ ដែលមាននាពេលបុច្ចប្បន្ន ពោលគឺដោះស្រាយពុំទាន់ ដែលជាហេតុបណ្តាលឱ្យមានការកកស្ទះ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែឧសភា ក្រសួងយុត្តិធម៌ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្តនៅទូទាំងប្រទេស។ យុទ្ធនាការនេះ គឺដើម្បីកាត់បន្ថយការកកស្ទះសំណុំរឿង ដើម្បីពន្លឿនការផ្តល់យុត្តិធម៌ដល់ប្រជាពលរដ្ឋលើកកម្ពស់ និងផ្តល់យុត្តិធម៌ឱ្យបានលឿន និងល្អប្រសើរដល់ប្រជាពលរដ្ឋ ជួយដល់ការកាត់បន្ថយនូវភាពចង្អៀតណែននៅក្នុងពន្ធនាគារ៕ ដោយ៖ ភក្តី (យុទ្ធ)