​ប្រធានគណៈកម្មការទី១នៃព្រឹទ្ធសភាជំរុញអាជ្ញាធរសមត្ថកិច្ចខេត្តបន្ទាយមានជ័យ​​ត្រូវបន្តប្រឹងប្រែងផ្សព្វផ្សាយច្បាប់ឱ្យដល់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង

បន្ទាយមានជ័យ៖ ប្រធានគណៈកម្មការទី១នៃព្រឹទ្ធសភា​(​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យ បណ្តឹង និង​អង្កេត​) ​ឯកឧត្តម​​ យ៉ង់ សែម បានជំរុញអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធខេត្តបន្ទាយមានជ័យ​ត្រូវបន្តការប្រឹងប្រែងយកចិត្តទុកដាក់ផ្សព្វផ្សាយច្បាប់នានាឱ្យដល់ប្រជាពលរដ្ឋនៅគ្រប់ទី​កន្លែងដើម្បីឱ្យពួកគាត់បានយល់ដឹង។ការថ្លែងបែបនេះក្នុងឱកាសឯកឧត្តម យ៉ង់ សែម ដឹកនាំ​គណៈប្រតិភូ​គណៈកម្មការទី​១ នៃ​ព្រឹទ្ធសភា ​បើក​កិច្ចប្រជុំ​ជាមួយ​​ឯកឧត្តម សួន បវរ អភិបាល​ខេត្តបន្ទាយមានជ័យ​ ដើម្បី​ធ្វើ​ការសិក្សា​ឈ្វេងយល់​អំពី​ការអនុវត្ត​ និង​ដោះស្រាយទៅលើ​សិទ្ធិ​មនុស្ស ការដោះស្រាយ​ពាក្យ បណ្តឹង បញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យ នៅសាលប្រជុំ សាលា​ខេត្ត​កាលពី​រសៀលថ្ងៃអង្គារ ៦រោច ​ខែផល្គុន ​ឆ្នាំច ​សំរឹទ្ធិស័ក ​ព.ស​២៥៦២​ត្រូវនឹងថ្ងៃ ទី២៦ ​ខែមីនា ឆ្នាំ​២០១៩។

ឯកឧត្តម យ៉ង់ សែម ក៏បានជំរុញអាជ្ញាធរគ្រប់ជាន់ថ្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ ​ត្រូវខិតខំពង្រឹងការអនុវត្តយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ដែលជា ឯកសារគោល នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦នេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ដើម្បីនាំមក នូវវឌ្ឍនភាព និងសមិទ្ធផលថ្មីៗជូនប្រជាពលរដ្ឋ និងប្រទេសកម្ពុជាទាំងមូល ហើយ​ត្រូវរួម គ្នាបន្តខិតខំ​ដោះស្រាយ​បញ្ហាប្រឈម​នានា​ជូនប្រជា​ពលរដ្ឋ​ឱ្យបាន​ល្អ​​ទ្វេដង។​

​នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ​មានប្រសាសន៍​​ថា ​ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ​-​សង្កាត់ បាន​បំពេញ​ការងារ​ទៅ​តាម​វិស័យ​របស់​ខ្លួន ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ មាន​ឆន្ទៈ​មោះមុត សហការ សាមគ្គី​រឹងមាំ រក្សា​សន្តិសុខ សុវត្ថិភាព ស្ថិរភាព សណ្តាប់ធ្នាប់ របៀបរៀបរយ​សង្គម​បាន​ល្អប្រសើរ​ជូន​ប្រជាពល រដ្ឋ ​​រស់នៅក្នុងភាពសុខសាន្ត ជីវភាពរស់នៅមានការផ្លាស់ប្តូររីកចម្រើនជាលំដាប់៕