ក្រសួងអំពាវនាវឱ្យអ្នកធ្វើដំណើតាមសមុទ្របង្កើនការប្រុងប្រយ័ត្ន ចំពេលដែលកម្ពុជារងឥទ្ធិពលពីព្យុះ ស៊ីនឡាគូ

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ១ ខែសីហានេះ បានអំពាវ​ដល់​ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវទឹក សមុទ្រ និងប្រជានេសាទ ត្រូវបង្កើន​ការប្រុងប្រយ័ត្ន ស្របពេលដែលកម្ពុជាកំពុងទទួលរងឥទ្ធិពលព្យុះស៊ីនឡាគូ (SINLAKU)។

សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅ​ថ្ងៃ​ទី១ ខែសីហានេះ បានប្រាប់ថា សម្ពាធទាបសកម្មមួយ បានកើតឡើង នៅលើ​សមុទ្រចិនខាងត្បូង ហើយបានវិវត្តទៅជាវិសម្ពាធទាប។បាតុភូតនេះ វិវត្ត​ទៅ​ជាព្យុះ ស៊ីនឡាគូ ហើយធ្វើដំ​ណើរ​មកដល់​ភាគខាងជើងប្រទេសវៀតណាម នៅថ្ងៃទី ២ ខែសីហា។ ឥទ្ធិពលរបស់ព្យុះ នឹងធ្វើឲ្យខ្យល់មូសុងនិរ​តី​បង្កើនល្បឿន​បក់បោក ខ្លាំងមកលើកម្ពុជា។

ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុ នៅកម្ពុជា មាន ភ្លៀងធ្លាក់ នៅតំបន់ជួរភ្នំដងរ៉ែក និងខ្ពង់រាបភាគឦសាន។

សេចក្តីប្រកាសរបស់ក្រសួង  បញ្ជាក់ទៀតថា តំបន់មាត់សមុទ្រ និងនៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រើន ប្រឈមខ្ពស់នឹង ជំ​នន់ទឹកភ្លៀង (Flash Flood) រួមជាមួយខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ ។ តំបន់ផ្សេងៗទៀត អាចនឹងមានភ្លៀងធ្លាក់ ពីតិចទៅមធ្យម ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ពិសេសបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀស វាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕ (ដោយ៖ ឡេង ដេត)