បញ្ជូនជនសង្ស័យ០២នាក់ និងគ្រឿងញៀនចំនួន២០០គីឡូក្រាម ទៅតុលាការ

(ព្រះវិហារ)៖ យោងតាមការផ្សាយចេញពីគេហទំព័រអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា នាថ្ងៃទី១ សីហា ២០២០ កម្លាំងនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ០២នាក់ និងវត្ថុតាងគ្រឿងញៀន២០០គីឡូក្រាមទៅសាលាដំបូងខេត្តព្រះវិហារ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

គួរបញជាក់ផងដែរថា ដោយអនុវត្តតាមការដឹកនាំបញ្ជាផ្ទាល់របស់នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ, នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ, ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងលោក សួស សុខដារា ស្នងការនគរបាលខេត្តព្រះវិហារ កម្លាំងជំនាញបានបើកការស៊ើបអង្កេតស្រាវជ្រាវ និងឈានដល់ការបង្ក្រាបនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ។

សូមបញ្ជាក់ផងដែរថា ប្រតិបត្តិការនោះ ធ្វើឡើងដោយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយកម្លាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការសម្របសម្រួលដោយឯកឧត្ដមព្រះរាជអាជ្ញា នៃអយ្យកាអមសាលាដំបូងខេត្តព្រះវិហារ រាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ។

គ្រឿងញៀនទាំងចំនួន២០០គីឡូក្រាមនោះ ជាប្រភេទមេតំហ្វេតាមីន ត្រូវបានវេចខ្ចប់ចំនួន ២០១កញ្ចប់ធំ និងត្រូវបានដឹកជញ្ជូនជួញដូរឆ្លងដែនតាមផ្លូវទឹកមកកាន់ប្រទេសកម្ពុជា៕ ដោយ៖ Micheal