ប្រជាពលរដ្ឋ ប្រទះរកឃើញអាវុធប្រភេទM16 ប្រមាណជាង១០ដើម

(កំពង់ឆ្នាំង)៖ អាវុធប្រភេទM16 ប្រមាណជាង១០ដើម ត្រូវបានប្រជាពលរដ្ឋប្រទះឃើញកប់នៅក្នុងដី និងខូចគុណភាពមិនអាចប្រើប្រាស់ ។ ហេតុការណ៍ភ្ញាក់ផ្អើលដែលប្រទះឃើញអាវុធកប់នៅក្នុងដីប្រមាណជាង 10ដើម នេះកើតឡើងនៅវេលាម៉ោង៨និង៣០នាទី ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ នៅចំណុចថ្នលព្រះរាម ស្ថិតក្នុងភូមិផ្លូវទូក ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចនគបាលមូលដ្ឋាន បានអោយដឹងថា អាវុធដែលត្រូវបានគេកប់ទុក និងត្រូវប្រជាពលរដ្ឋប្រទះឃើញក្នុងដី ពេលដែលគាត់បានយកត្រាក់ទ័រឈូសឆាយដី ដើម្បីសង់លំនៅដ្ឋាន ក៏ស្រាប់តែប្រទះឃើញប្រភេទ M16 ជាច្រើនដើមខូចគុណភាពហើបឡើងពីក្នុងដីបង្កការភ្ញាក់ផ្អើល និងបានរាយការណ៍ជូនអាជ្ញាធមូលដ្ឋាននិងសមត្ថកិច្ចចុះមកពិនិត្យ និងបានធ្វើការហ៊ុពទ្ធ័ទីតាំងនោះដើម្បីរងចាំស៊ីម៉ាក់ចុះធ្វើការរាយរកនៅផ្នែកខាងក្រោមទៀត ដោយខ្លាចនៅមានយុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងទៀតបង្កអោយមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុផងដែរ ។

អភិបាលស្រុកកំពង់លែងលោក សំចាន់ថន បានឲ្យដឹងតាមរយៈទូរសព្ទនៅវេលាម៉ោង១២ និង ៥១ នាទីថ្ងៃទី ១ ខែសីហា ឆ្នាំ២០២០ថា កាលនៅសម័យសង្គ្រាមក្នុងស្រុកកន្លែងនេះ ក៏ជាសមរភូមិមួយដែលក្រុមខ្មែរក្រហមតែងចេញចូលធ្វើសកម្មភាព ហើយអាវុធនេះគេសន្និដ្ឋានថា ប្រហែលជាក្រុមឧទ្ទាមខ្មែរក្រហមលាក់ទុកកាលពីសម័យសង្គ្រាមរហូតមកដល់ពេលនេះ ទើបត្រូវបានគេប្រទះឃើញតែអាវុធទាំងអស់នោះខូចគុណភាពមិនអាចប្រើប្រាស់បានឡើយ ។

អភិបាលស្រុកកំពង់លែងបានបញ្ជាក់ទៀតថា ទោះជាយ៉ាងណាពេលនេះ លោកបានឲ្យសមត្ថកិច្ចធ្វើការហ៊ុព័ទ្ធទីនោះដើម្បីរង់ចាំខាងស៊ីម៉ាក់ចុះទៅធ្វើការរកលោកថា ខ្លាចនៅខាងក្រោមអាវុធនោះនៅក្រែងនៅមានយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះផ្សេងទៀតដែលបង្កឲ្យមានគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋ ។

អភិបាលស្រុកកំពង់លែង លោកសំចាន់ថនបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បើសិនជាប្រទះឃើញអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមកុំធ្វើការប៉ះពាល់នឹងមករាយការណ៍ជូនសមត្ថកិច្ចដែលនៅជិត ដើម្បីឲ្យជំនាញចុះទៅធ្វើកាជីកគាស់កកាយតាមបច្ចេកទេសយកចេញ ដើម្បីចៀសវាងកើតមានគ្រោះថ្នាក់ ។

បច្ចុប្បន្ន ទីតាំងទាំងអស់នោះត្រូវបានសមត្ថកិច្ចធ្វើការហ៊ុព័ទ្ធធ្វើសកម្មភាពបន្តទៀត ដោយរងចាំសមត្ថកិច្ចស៊ីម៉ាក់ចុះរាវរកនិងធ្វើការដុតកម្ទេចចោលផងដែរ ៕ ដោយ សុក្ខារិន (យុទ្ធ)