អាជ្ញាធរព្រះសីហនុស្នើឱ្យពលរដ្ឋផ្អាកការធ្វើដំណើរតាមផ្លូវទឹក ៤ ថ្ងៃជៀសវាងគ្រោះ​ថ្នាក់​ពី​ឥទ្ធិព​លព្យុះទី៣

(ព្រះសីហនុ)៖ អាជ្ញាធរខេត្តព្រះសីហនុ នៅថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២០នេះ ជូនដំណឹង និងស្នើឱ្យ​ពលរដ្ឋផ្អាកការធ្វើដំណើរតាមផ្លូវទឹក ៤ ថ្ងៃ បន្ទាប់ពីក្រសួងប្រកាសថា កម្ពុជាកំពុងទទួលរងឥទ្ធិពលព្យុះស៊ីនឡាគូ (SINLAKU) ដែលជា សម្ពាធទាបសកម្មមួយ បានកើតឡើង នៅលើ​សមុទ្រចិនខាងត្បូង ហើយបានវិវត្តទៅជាវិសម្ពាធទាប។បាតុភូតនេះ វិវត្ត​ទៅ​ជាព្យុះ ស៊ីនឡាគូ ហើយធ្វើដំ​ណើរមកដល់​ភាគខាងជើងប្រទេសវៀតណាម នៅថ្ងៃទី ២ ខែសីហា។ ឥទ្ធិពលរបស់ព្យុះ នឹងធ្វើឲ្យខ្យល់មូសុងនិរ​តី​បង្កើនល្បឿន​បក់បោក ខ្លាំងមកលើកម្ពុជា។

រដ្ឋបាលខេត្តព្រះសីហនុបញ្ជាក់ថា វិសម្ពាធទាបនេះបានបង្កើនឥទ្ធិពលជាបន្តបន្ទាប់ទៅជាព្យុះទី ៣ ឈ្មោះ ស៊ីនឡាគូ (SINLAKU) ហើយបានបោកបក់មកកាន់តំបន់ភ្នំ និងឆ្នេរសមុទ្រកម្ពុជា បណ្តាលឱ្យ មានភ្លៀងធ្លាក់ច្រើន និងខ្យល់បក់បោកខ្លាំង។ ចំពោះស្ថានភាពរអាកាសធាតុនៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០មានភ្លៀងធ្លាក់ច្រើនប្រឈមនឹងជំនន់ទឹកភ្លៀង (Flash Flood) រួមជាមួយខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ។

អាជ្ញាធរខេត្តព្រះសីហនុ បញ្ជាក់ទៀតថា ដើម្បីជៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ រដ្ឋបាលខេត្តសូមអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន ដឹកជញ្ជូនដោយផលយាន ភ្ញៀវទេសចរ ប្រជាពលរដ្ឋ និងប្រជានេសាទទាំងអស់ សូមមានការប្រុងប្រយ័ត្ន ខ្ពស់ ហើយសូមផ្អាក​ការធ្វើដំណើរតាមផ្លូវទឹកក្នុងអំឡុងពេលនេះបើមិនមានការចាំបាច់ណាមួយ។

ដោយឡែកចំពោះអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សូមបន្តយកចិត្ត ទុកដាក់តាមដានស្ថានភាពទូទៅ ជួយផ្សព្វផ្សាយ អប់រំណែនាំដល់ប្រជាពលរដ្ឋ និងត្រៀមអន្តរាគមន៍ជួយដោះ ស្រាយបញ្ហានានាចំពោះមុខជាក់ស្តែង។

នៅល្ងាចថ្ងៃទី ១ ខែសីហានេះ មានករណីលិចទូកមួយគ្រឿង ចូលក្នុងសមុទ្រ ដោយសារប៉ះជាមួយរលកកទឹកបណ្តលឱ្យបែកទូក ស្ថិត​នៅចំណុច ឃ្លងឡ​ទឹក​ត្រី ក្រុងកោះរ៉ុង ដែលមានមនុស្សជិះចំនួន ១៥ នាក់។ ប៉ុន្តែមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ដោយសារកម្លាំង​នគរ​បាល​ខេត្តព្រះសីហនុចុះអន្តរាគមសង្គ្រោះទាន់ពេលវេលា៕ (ដោយ៖ ឡេង ដេត)