បង្ហាញមុខចោរមុខស្រស់ ជំនាញខាងលួចគាស់ផ្ទះប្រជាពលរដ្ឋ នៅក្រុងតាខ្មៅ

(កណ្តាល)៖ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ ក្រុមលួចគាស់ផ្ទះ ដុះស្លែ យ៉ាងសកម្មមួយក្រុម នៅក្រុងតាខ្មៅ ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តកណ្តាលធ្វើការឃាត់ខ្លួនបាន៤នាក់ នៅចំណុច ភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យឃាត់ខ្លួនចំនួន៤នាក់រួមមាន ទី១ឈ្មោះ ពេញ ម៉ៅ ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅ ភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល (ឃាត់ខ្លួន)។​ ទី២-ឈ្មោះទៀង ទឹម ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅ ភូមិតាខ្មៅ២សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ រើសអេតចាយ (ឃាត់ខ្លួន)។ ទី៣-ឈ្មោះរ៉ា វណ្ណ: ភេទប្រុស អាយុ២៦ឆ្នាំ ទីលំនៅ ភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។ ទី៤-រិទ្ធ លីម ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅ ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ រើសអេតចាយ (ឃាត់ខ្លួន)។

ចំណែកវត្ថុតាងចាប់យករួមមាន៖ ម៉ូតូចំនួន០១គ្រឿងម៉ាកគុបជ្រុង ពណ៌ទឹកប៊ិច ពាក់ផ្លាកលេខភ្នំពេញ១BV៨២១៥, កង់តួស្រីចំនួន១គ្រឿងពណ៌ខៀវ, ថ្មទូរស័ព្ទ ,ស៊ុមទូរស័ព្ទ. និងសំបកទូរស័ព្ទចាស់ៗចំនួន២ការ៉ុង, ឈើជ្រុងចំនួន១កំណាត់ប្រវែង៦០ស.ម, ញញួរចំនួន៣ , ពូថៅដងឈើចំនួន១ប្រវែង៣២ស.ម, កាំបិតផ្គាក់ដងឫស្សីចំនួន១ប្រវែង៥៨ស.ម, កាំបិតប៉័ងតោចំនួន១ប្រវែង៣០ស.ម, កាំបិតចុងស្រួចចំនួន២, កន្ត្រៃកាត់ខ្សែភ្លើងចំនួន១ពណ៌ក្រហម , សោសំរាប់មួលប៊ូឡុងចំនួន៤, ទួណឺវីសចំនួន២, ដែកឆាមចំនួន១ និងកាបូបដៃពណ៌ខ្មៅចំនួន១។

តាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា នៅវេលាកើតហេតុខាងលើ កំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលតាខ្មៅ និងចៅសង្កាត់តាខ្មៅ បានទទួលពត៌មានពីប្រជាពលរដ្ឋថាក្រុមជនសង្ស័យខាងលើដែលស្នាក់នៅលើក្បូនបណ្តែតទឹកគឺជាមុខសញ្ញា ដែលតែងតែធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងភូមិយ៉ាងសកម្ម ទើបកំលាំងយើងបានចុះទៅឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ រួមទាំងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីធ្វើការសាកសួរនិងចាត់ការតាមនីតិវិធី៕ ដោយ៖ យុទ្ធ